សេអ៊ូល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre) ដឹកនាំដោយឯកឧត្តម Kim Jae-shin អគ្គលេខាធិការ។

គួររំលេចដែរថា ឯកឧត្តម Kim Jae-shin គឺជាអតីតអ្នកការទូតជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់សាធារណរដ្ឋកូរ៉េ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងឆាកអន្តរជាតិ ដោយធ្លាប់បានបំពេញភារកិច្ចជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសអាល្លឺម៉ង់ និងហ្វីលីពីន មុននឹងចូលកាន់តំណែងជាអគ្គលេខាធិការទី៦ នៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នៅក្នុងខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនាឱកាសក៏មានសមាសភាពពីសមាគមឧកញ៉ាកម្ពុជាផងដែរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៩ ក្នុងនាមជាអង្គការអន្តរជាតិឈានមុខ ដែលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងសាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន។

ជំនួបពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្ររួមគ្នាដើម្បីជំរុញរំហូរការវិនិយោគ ទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេស (FDI) ពីបណ្តាក្រុមហ៊ុនឈានមុខរបស់កូរ៉េ មកកាន់កម្ពុជា និងពង្រឹងពាណិជ្ជកម្មទ្វេភាគី តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្រោមការដឹកនាំរបស់ ឯកឧត្តម Kim Jae-shin ដែលបានដើរតួជាស្ពានចម្លងសេដ្ឋកិច្ច និងវប្បធម៌ដ៏រឹងមាំនៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់មជ្ឈមណ្ឌល ឱ្យបន្តជួយគាំទ្រ និងសហការជិតស្និទ្ធលើការបណ្តុះបណ្តាលធនធានមនុស្ស (Capacity Building) ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់បរិយាកាសធុរកិច្ចឱ្យមានភាពអនុគ្រោះខ្ពស់ចំពោះវិនិយោគិនពីបរទេស។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ក្នុងការបន្តផ្តល់កិច្ចសហការពេញលេញជាមួយកម្ពុជា ដើម្បីជំរុញឱ្យទិសដៅយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កូរ៉េ ក៏ដូចជា កម្ពុជា-កូរ៉េ ឈានទៅសម្រេចបាននូវផ្លែផ្កាថ្មីៗបន្ថែមទៀត នាពេលអនាគត។



