ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមពិធីបើក ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅមជ្ឈមណ្ឌល The Premier Centre Sen Sok។

ថ្លែងក្នុងពិធីបើក លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិព័រណ៍ដែលកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្តល់សេវាអាពាហ៍ពិពាហ៍ និងសាធារណជន ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងអត្តសញ្ញាណនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ លោកជំទាវបណ្ឌិតក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានគាំទ្រ និងផ្តល់ការណែនាំផ្នែកបច្ចេកទេស ក្នុងការបង្ហាញពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ដោយនៅតែរក្សាបាននូវអត្តសញ្ញាណ និងគុណតម្លៃវប្បធម៌ជាតិ។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា អាពាហ៍ពិពាហ៍មិនត្រឹមតែជាពិធីចាប់ផ្តើមជីវិតគ្រួសារថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកសាងគ្រួសារប្រកបដោយសេចក្តីស្រឡាញ់ ភាពស្មោះត្រង់ ទំនួលខុសត្រូវ និងសុខដុមរមនា ព្រមទាំងជាការរំលឹក និងលើកតម្កើងគុណតម្លៃប្រពៃណី និងគុណបំណាច់របស់បុព្វបុរសដែលបានបន្សល់ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតបានលើកឡើងថា ទោះបីសង្គមមានការវិវឌ្ឍ និងការច្នៃប្រឌិតឥតឈប់ឈរក៏ដោយ ការអភិវឌ្ឍ និងការធ្វើទំនើបកម្មលើពិធីអាពាហ៍ពិពាហ៍ខ្មែរ គួរតែឈរលើមូលដ្ឋាននៃការគោរព និងថែរក្សាឫសគល់វប្បធម៌ជាតិ ដោយមិនបោះបង់ចោលអត្តសញ្ញាណ និងអត្ថន័យដើមនៃប្រពៃណីខ្មែរឡើយ។

សូមបញ្ជាក់ថា ពិព័រណ៍អាពាហ៍ពិពាហ៍ ឆ្នាំ២០២៦ គឺជាការរៀបចំលើកទី៣ ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងវប្បធម៌អាពាហ៍ពិពាហ៍ខ្មែរ ផ្សព្វផ្សាយអត្តសញ្ញាណ និងអរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់តម្លៃគ្រួសារ និងលើកទឹកចិត្តដល់យុវជនបង្កើតគ្រួសារស្របតាមប្រពៃណី និងច្បាប់ជាធរមាន។ កម្មវិធីនេះក៏ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងស្ថាប័នគ្រួសារ អភិវឌ្ឍធនធានមនុស្ស និងថែរក្សាមូលដ្ឋានគ្រឹះសង្គមកម្ពុជាប្រកបដោយចីរភាព។