វ៉ាស៊ុង៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបន្តបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញការវិនិយោគ នៅក្នុងសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Hangang Food ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខ និងជាប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើបបំផុតរបស់សម្ព័ន្ធ Harim Group។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមផងដែរ។

សកម្មភាពទស្សនកិច្ចសិក្សានាឱកាសនេះបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងយល់ស៊ីជម្រៅអំពីប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Hangang Food ដែលជាអ្នកគ្រប់គ្រងរោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើបចុងក្រោយបង្អស់។ រោងចក្រនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើការអនុវត្តស្តង់ដារបរិស្ថានមេត្រី(Environmental Friendly) និងការប្រើប្រាស់ប្រព័ន្ធភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ស្វ័យប្រវត្តិ (Automated Cold-Chain Logistics) ដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាគុណភាព សុវត្ថិភាព និងភាពស្រស់ជានិច្ចនៃផលិតផល។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន Harim Co., Ltd. គឺជាក្រុមហ៊ុនលំដាប់កំពូលមួយរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងវិស័យឧស្សាហកម្មកសិ-ចំណីអាហារ និងការចិញ្ចឹមបសុសត្វ។ ក្រុមហ៊ុនសម្រេចបាននូវភាពជោគជ័យយ៉ាងខ្លាំងក្លា តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផលិតកម្មចំណីអាហារបែបសមាហរណកម្មកម្រិតខ្ពស់ ក្រោមទស្សនាទាន «ពីកសិដ្ឋានរហូតដល់តុអាហារ» (Farm-to-Table) ដែលធានាបាននូវការគ្រប់គ្រងខ្សែច្រវាក់តម្លៃ (Value Chain) ទាំងស្រុង ចាប់តាំងពីដំណាក់កាលបង្កាត់ពូជ ការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយលើទីផ្សារ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបក្នុងការផ្គត់ផ្គង់សាច់បសុបក្សីដោយប្រើប្រាស់ខ្យល់ត្រជាក់ជំនួសឱ្យការប្រើប្រាស់ទឹកត្រជាក់ដើម្បីបន្ថយកំដៅសាច់មាន់បន្ទាប់ពីកែច្នៃ ដែលជាលទ្ធផលសាច់មិនស្រូបទឹក រក្សាជាតិប្រូតេអ៊ីន និងរសជាតិបានល្អ, ការធ្វើឱ្យបសុសត្វសន្លប់ដោយឧស្ម័នជំនួសឱ្យការប្រើអគ្គិសនី និងបង្កក់សាច់ក្នុងល្បឿនលឿនដើម្បីការពារស្ថានភាពក្រឡោបតូច (ice crystals) មិនឱ្យបំផ្លាញកោសិកាសាច់ ហើយផលិតផលអាចដឹកជញ្ជូនដល់ទីផ្សារឆ្ងាយដោយរក្សាគុណភាពដើម។

តាមរយៈទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់គណៈប្រតិភូកម្ពុជា ទាំងផ្នែករដ្ឋ និងឯកជន ក្នុងការស្រូបយកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាកសិ-ឧស្សាហកម្មជឿនលឿនរបស់សាធារណរដ្ឋកូរ៉េ និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីលើកកម្ពស់ស្តង់ដារខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាការកែច្នៃម្ហូបអាហារ និងបសុសត្វនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។