ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយគណៈប្រតិភូវិនិយោគិនសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ដំណើរទស្សនកិច្ចធុរកិច្ចនេះ ត្រូវបានសម្របសម្រួលដោយក្រុមហ៊ុន WorldBridge Group និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) ។
.jpg)
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា–សាធារណរដ្ឋកូរ៉េ ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ» និងបានសម្តែងនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី កម្ពុជានឹងបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងចីរភាព។
.jpg)
ក្នុងនាមគណៈប្រតិភូវិនិយោគិនកូរ៉េ តំណាងក្រុមហ៊ុនបានជម្រាបជូនសម្តេចមហាបវរធិបតីថា គណៈប្រតិភូមានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យយានយន្ត អេឡិចត្រូនិក វាយនភណ្ឌ ការចែកចាយ និងម្ហូបអាហារ ហិរញ្ញវត្ថុ និងធនាគារ សំណង់ ព្រមទាំងវិស័យកម្សាន្ត និងវប្បធម៌។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគ និងសក្តានុពលទីផ្សារនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្ម និងស្វែងរកឱកាសវិនិយោគថ្មីៗ។
.jpg)
គណៈប្រតិភូបានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំង ១៥ មានក្រុមហ៊ុនចំនួន ៧ កំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ខណៈក្រុមហ៊ុនចំនួន ៦ ផ្សេងទៀត កំពុងវិនិយោគនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មមកកាន់កម្ពុជា។ គណៈប្រតិភូក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលយ៉ាងសកម្មដល់វិនិយោគិនកូរ៉េ និងបានប្តេជ្ញាបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។
.jpg)
ជាការឆ្លើយតប សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និងក្រុមហ៊ុន WorldBridge Group ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចធុរកិច្ចដ៏មានសារៈសំខាន់នេះ ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។
.jpg)
សម្តេចមហាបវរធិបតីបានមានប្រសាសន៍ថា ឆ្នាំក្រោយនឹងជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ក្នុងរយៈពេលជិតបីទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនេះ សហគ្រាស និងក្រុមហ៊ុនកូរ៉េក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
.jpg)
ក្នុងន័យនេះ សម្តេចមហាបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនកូរ៉េក្នុងការពង្រីកការវិនិយោគ និងស្វែងរកឱកាសបណ្តាក់ទុនលើវិស័យសក្តានុពលថ្មីៗនៅកម្ពុជា។ សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ រួមមានការកែទម្រង់ស្ថាប័ន ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល និងការផ្តល់អត្ថប្រយោជន៍ និងការលើកទឹកចិត្តផ្នែកពន្ធ សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
.jpg)
សម្តេចមហាបវរធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តវិនិយោគយ៉ាងសកម្មលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមានផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ព្រមទាំងការអភិវឌ្ឍវិស័យថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូន ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
.jpg)
ជាទីបញ្ចប់ សម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តថែរក្សាបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល តម្លាភាព និងភាពប្រកួតប្រជែង ព្រមទាំងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការវិនិយោគ និងអនុវត្តគម្រោងថ្មីៗនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
.jpg)