អ៊ីនឆ័ន៖ កាលពីល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីវេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ បានបញ្ចប់ដោយរលូននិងជោគជ័យ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Kyungshin Co., Ltd. ជាក្រុមហ៊ុនឈានមុខមួយរបស់កូរ៉េនៅក្នុងឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុន Kyungshin Corporation ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤ មានជំនាញឯកទេសលើការផលិតខ្សែភ្លើងរថយន្ត (Wiring Harnesses) ឧបករណ៍ភ្ជាប់ចរន្ត (Connectors) ប្រអប់ហ្វុយស៊ីប/ប្រអប់បំបែកចរន្ត (Junction Blocks) ខ្សែកាប (Cables) និងប្រព័ន្ធអគ្គិសនីសម្រាប់រថយន្តអគ្គិសនី (EV Electrical Systems)។ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងធ្វើការអភិវឌ្ឍយ៉ាងសកម្មលើបច្ចេកវិទ្យាទំនើបៗសម្រាប់រថយន្តអគ្គិសនី និងដំណោះស្រាយសម្រាប់ការធ្វើដំណើរនាពេលអនាគត (Future Mobility Solutions)។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Kyungshin បានបង្កើតរោងចក្រផលិតខ្សែភ្លើងរថយន្ត (Wire Harness) តាំងពីឆ្នាំ២០១២ មកម៉្លេះ ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ២០ លានដុល្លារអាម៉េរិក ហើយបច្ចុប្បន្នរោងចក្រនេះមានកម្មករ និយោជិត បម្រើការងារចំនួន ១.៤៦៧ នាក់។




