ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងកម្មវិធី “បទបង្ហាញផ្នែកឯកជនស្ដីពីកម្មវិធីអភិវឌ្ឍន៍បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិមិត្តកម្ពុជា ឆ្នាំ២០២៦” ដែលប្រព្រឹត្តនៅអគារ DGT Tower ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ-ឯកជន វិទ្យាស្ថាន សមាគម សភាពាណិជ្ជកម្ម និងវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំដោយ Enterpreneur Network Hub (EREB) Cambodia ដោយមានកិច្ចសហការជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិ ដោយផ្ដោតលើការពិភាក្សាអំពីដំណោះស្រាយក្នុងការគ្រប់គ្រងសាធារណៈ និងសហគ្រាសឯកជន ដោយប្រើប្រាស់បញ្ញាសិប្បនិមិត្តក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងការផ្ដល់សេវាសាធារណៈ, ការគាំទ្រដល់តម្លាភាព និងការសម្រេចចិត្តផ្អែកតាមទិន្នន័យ, ការពង្រឹងការអនុវត្តមានភាពប្រកួតប្រជែងរបស់សហគ្រាស, និងការរួមចំណែកក្នុងការអភិវឌ្ឍឌីជីថលជាតិក្នុងរយៈពេលវែង។ លើសពីនេះ កិច្ចប្រជុំនេះក៏បង្ហាញអំពីលទ្ធភាពនៃការវិនិយោគក្នុងគម្រោង តាមរយៈមូលនិធិឌីជីថលនីយកម្ម ដែលមានការគាំទ្រពីរដ្ឋាភិបាល និងនវានុវត្តន៍វិស័យឯកជនផងដែរ។