ភ្នំពេញ៖ យោងតាមសំណើពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ ធ្វើជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមាន អ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីម តារារិទ្ធ និង លោក អុឹង វីរៈ ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាបានបំពេញបេសកកម្មនៅទីក្រុងឡូសអែនជឺឡេស, ឈីកាហ្គោ និងរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក ដោយបានចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើនរួមមាន៖
១. ចូលរួមនៅក្នុង «វេទិកាភាពជាដៃគូពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា» ដែលបានប្រារព្ធឡើងនៅ California State University, Long Beach (CSULB) នៅទីក្រុងឡុងប៊ិច ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ៧៥ មកពីវិស័យកសិកម្ម, ភេសជ្ជៈ, អប់រំ, ដឹកជញ្ជូន, យានយន្ត, សុខាភិបាល, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
២. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ
លោក Joseph Tate អនុប្រធានជាន់ខ្ពស់ នៃក្រុមហ៊ុន Archer Daniels Midland (ADM) ដែលជាក្រុមហ៊ុនកែច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលអន្តរជាតិដ៏ធំមួយរបស់អាម៉េរិក និងពិភពលោក។
៣. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Rob Calia
អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាលរបស់ក្រុមហ៊ុន Medline ដែលមានឯកទេសផលិត និងចែកចាយបរិក្ខារពេទ្យ និងផលិតផលថែទាំសុខភាពជាង ៣០០ពាន់មុខ។
៤. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិអាជីវកម្ម និងការអភិវឌ្ឍន៍សកល នៃក្រុមហ៊ុន McDonald's Corporation ។
៥. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយ លោក George A. Pickartនាយកគ្រប់គ្រងកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសកល នៃក្រុមហ៊ុន GE Vernova ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាថាមពល និងការអភិវឌ្ឍបណ្តាញអគ្គិសនីប្រកបដោយនិរន្តរភាព។
៦. ចូលរួមក្នុងកិច្ចពិភាក្សាការងារតុមូលរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ឬ US-ASEAN Business Council (US ABC) ដោយបានទំនាក់ទំនងផ្ទាល់ជាមួយបណ្តាក្រុមហ៊ុនអាម៉េរិកជាច្រើន។ ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ក៏បានធ្វើការបញ្ជាក់សារជាថ្មីថា ឧកញ៉ា លីម តារារិទ្ធ គឺជាទីប្រឹក្សាយុទ្ធ
សាស្ត្រប្រតិបត្តិ តំណាងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ប្រចាំប្រទេសកម្ពុជា។
៧. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Pfizer ដែលមានឯកទេសក្នុងការសិក្សាស្រាវជ្រាវ និងផលិតឱសថឈានមុខគេមួយនៅក្នុងពិភពលោក។
៨. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន HP (Hewlett-Packard) ដែលឈានមុខគេនៅក្នុងពិភពលោកក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។
៩. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Hallie Offen ប្រធានផ្នែកកិច្ចការងារជាមួយរដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន Motorola Inc. ដែលមានឥទ្ធិពលក្នុងប្រវត្តិសាស្ត្រ នៃវិស័យបច្ចេកវិទ្យា និងគមនាគមន៍នៅក្នុងពិភពលោក។
១០. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ
លោកស្រី Allison Lannarino នាយកគ្រប់គ្រងស្តីទីតំបន់អាស៊ីទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន (ICT) និងហេដ្ឋារចនា
សម្ព័ន្ធ នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក ឬ U.S. International Development Finance Corporation (DFC)។
១១. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers សំដៅជំរុញវិនិយោគបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា។
ដោយឡែក ក្នុងអំឡុងពេលបំពេញបេសកកម្មនៅទីក្រុងតូរ៉ុនតូ និងម៉ុងរ៉េអាល់ ក្នុងប្រទេសកាណាដា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងកម្មវិធីសំខាន់ៗជាបន្តបន្ទាប់រួមមាន៖
១. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ Caroline Mulroney សមាជិកសភា នៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ ប្រទេសកាណាដា។
២. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បំពេញទស្សនកិច្ចនៅការិយាល័យកណ្តាលក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation និងបន្តដោយកិច្ចពិភាក្សាការងារតុមូលដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ Sara Wilshaw ជំនួយការជាន់ខ្ពស់អមអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមស្នងការពាណិជ្ជកម្ម នៃក្រសួងកិច្ចការសកលរបស់កាណាដា (Global Affair Canada – GAC) ព្រមទាំងថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធរួមមាន៖ ធនាគារជាតិនៃកាណាដា (National Bank of Cananda – NBC), ក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation, និងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC)។
៣. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Victor Fed រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ការបង្កើតការងារ និងពាណិជ្ជកម្ម នៃខេត្តអុនតារីយ៉ូ។
៤. អមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Khawar Nasim នាយកប្រតិបត្តិនៃស្ថាប័ន Invest Ontario និងលោក Bernie Derible ជំនួយការអនុរដ្ឋមន្ត្រីផ្នែកកសិកម្ម អ្នកប្រឹក្សាយោបល់ពិសេស និងជាភ្នាក់ងារទូទៅរបស់ខេត្តអុនតារីយ៉ូ សម្រាប់អាស៊ាន។
៥. បំពេញទស្សនកិច្ចនៅសហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group ដែលមានទីតាំងស្ថិតនៅទីក្រុងតូរ៉ុនតូ ដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់សហគ្រាសដែលដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ្ពស់។
៦. ចូលរួមសិក្ខាសាលាធុរកិច្ចកាណាដា រៀបចំនៅទីស្នាក់ការកណ្តាល ធនាគារជាតិនៃកាណាដា (National Bank of Canada – NBC) ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបង្កើនរំហូរវិនិយោគពីកាណាដា មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន/សហគ្រាសកាណាដាយ៉ាងច្រើនកុះករ។
៧. ចូលរួមជំនួបពិភាក្សាការងារតុមូលជាមួយបណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួន ១៤ ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជាក្នុងនោះមាន វិស័យច្បាប់, ហិរញ្ញវត្ថុ និងធនាគារ, សារព័ត៌មាន និងសិល្បៈកម្សាន្ត, អប់រំ, សំណង់, ចំណីអាហារ និងឧស្សាហកម្មផ្នែកកសិ-ចំណីអាហារ, ទំនាក់ទំនងអន្តរជាតិ និងផ្នែកផ្តល់សេវាវិជ្ជាជីវៈ ជាដើម។
៨. ចូលរួមកម្មវិធីទទួលទានអាហារថ្ងៃត្រង់ធុរកិច្ចដើម្បីបង្កើនបណ្តាញទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចកម្ពុជា និងកាណាដាដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រមាណជាង ៥០រូប។
៩. អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកិច្ចពិភាក្សាស្វែងយល់ពីការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា “Technoparc Montréal” និងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចចីរភាព សំដៅទាក់ទាញចង្កោមឧស្សាហកម្មដ៏ជោគជ័យរបស់កាណាដា។
១០. អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. ដែលផលិតគ្រឿងបង្គុំសម្លៀកបំពាក់ (រូត)ដ៏ល្បីល្បាញលើពិភពលោក។
ជាការកត់សម្គាល់ តាមរយៈបេសកកម្មនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលបាននូវលទ្ធផលជាផ្លែផ្កា ដូចជា ១) អ្នកឧកញ៉ា សួរ វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ទទួលបានការព្រមព្រៀង និងគ្រោងនាំចេញអង្ករកម្ពុជា ដើម្បីនាំយកលក់សាកល្បងនៅលើទីផ្សារសហរដ្ឋអាម៉េរិក និងកាណាដា ខណៈដែលធុរជននៃប្រទេសទាំងពីរក៏បានបង្ហាញការគាំទ្រក្នុងការទទួលទិញយករាល់ផលិតផលខ្មែរទាំងអស់ដែលអាចនាំចេញបានដូចជា ស្វាយចន្ទី ក៏ដូចជាផលិតផលផ្សេងៗពាក់ព័ន្ធនឹងចំណីអាហារផងដែរ, ២) បានចែករំលែកអំពីសាវតារ បេសកកម្ម និងតួនាទីស្នូលរបស់សមាគម ដែលជាបណ្ដុំធុរជនដ៏មានសក្តានុពល ព្រមទាំងកសាងបណ្ដាញ ការបង្កើតយន្តការទំនាក់ទំនង និងការផ្គូផ្គងធុរកិច្ចជាមួយស្ថាប័ន/សភាពាណិជ្ជកម្ម/វិស័យឯកជន ទាំងនៅសហរដ្ឋអាម៉េរិក និងកាណាដា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចនាអនាគត៕

















