ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុង ពិធី «អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស - និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤» កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ និងបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

សូមបញ្ជាក់ថា អង្គការ PSE ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៦ ដោយលោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières)។ ជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារក្រីក្របំផុតដើម្បីឱ្យពួកគេអាចចាកផុតពីភាពក្រីក្រតាមរយៈការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមធ្យម PSE បានផ្ដល់ជំនួយប្រចាំឆ្នាំដល់កុមារក្រីក្រ និងងាយរងគ្រោះចំនួនជិត ៧០០០នាក់ ដោយឱ្យពួកគេទទួលបានទាំងការស្នាក់នៅ អាហារ ការអប់រំទាំងចំណេះទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ក្រោយបានបញ្ចប់ការបណ្តុះបណ្តាលពីអង្គការ PSE ពួកគេមានសមត្ថភាពអាចបម្រើការងារតាមវិស័យការងារផ្សេងៗក្នុងទីផ្សារពលកម្មកម្ពុជា និងចេញទៅធ្វើការនៅតាមប្រទេសនានាមួយចំនួនទៀតផងដែរ។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងបានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យមានអនាគតដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។