ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដឹកនាំលោក Mitchell Mao នាយកប្រតិបត្តិក្រុមហ៊ុន SF International Business Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចមហាបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) នៅសាធារណរដ្ឋប្រជាមានិតចិន។
.jpg)
ក្នុងជំនួបនេះ លោក Mitchell Mao បានគោរពជម្រាបជូនសម្តេចមហាបវរធិបតីថា ក្រុមហ៊ុន SF International Business Group គឺជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិកឈានមុខគេមួយរបស់ប្រទេសចិន ដែលមានប្រតិបត្តិការគ្របដណ្តប់លើសេវាដឹកជញ្ជូនរហ័ស និងដឹកជញ្ជូនទំនិញ (Express & Freight) សេវាភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ (Cold Chain Logistics) សេវាដឹកជញ្ជូនទាន់ចិត្តក្នុងទីក្រុង (Intra-City On-Demand Delivery) ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងសេវាកម្មឡូជីស្ទិកអន្តរជាតិ (Supply Chain & International)។
.jpg)
លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមានទិសដៅពង្រីកការវិនិយោគបន្ថែមនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយមើលឃើញពីសក្តានុពលនៃវិស័យភស្តុភារកម្មនៅកម្ពុជា រួមជាមួយនឹងកំណើនជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាញដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
.jpg)
ជាការឆ្លើយតប សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលរបស់ក្រុមហ៊ុន SF International Business Group ក្នុងការអភិវឌ្ឍវិស័យឡូជីស្ទិក និងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចមហាបវរធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្ម ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តោតលើការពង្រឹងការតភ្ជាប់ (Connectivity) នៃបណ្តាញដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវសមុទ្រ ទាំងក្នុងប្រទេស ជាមួយប្រទេសជិតខាង និងតំបន់។
.jpg)
សម្តេចមហាបវរធិបតីបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាច្រើន រួមមានការស្ថាបនាផ្លូវល្បឿនលឿនបន្ថែម ការធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ការពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងអាកាសយានដ្ឋាន ព្រមទាំងការអភិវឌ្ឍគម្រោងព្រែកជីក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងការតភ្ជាប់រវាងកម្ពុជា និងទីផ្សារក្នុងតំបន់ ព្រមទាំងពិភពលោក។
.jpg)
ជាទីបញ្ចប់ សម្តេចមហាបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពិភាក្សាលម្អិត សិក្សាលទ្ធភាព និងឈានទៅអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឡូជីស្ទិក ការបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។