អ៊ីនឆ័ន៖ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្រុមហ៊ុន Hangang Food រួចមក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងអ៊ីនឆ័នវិញដើម្បីបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នវានុវត្តន៍បច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់ក្រុមហ៊ុន SK Incheon Petrochem ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឯកទេសរបស់ សម្ព័ន្ធក្រុមហ៊ុន SK Group ក្នុងវិស័យថាមពល និងគីមីឥន្ធនៈលំដាប់ពិភពលោក នៃសាធារណរដ្ឋកូរ៉េ។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមផងដែរ។

ទស្សនកិច្ចនៅក្រុមហ៊ុន Incheon Petrochem នាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មខ្នាតធំ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងទំនើបកម្មឧស្សាហកម្មគីមីឥន្ធនៈ ដែលជាបេះដូងនៃការអភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់ និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។ រោងចក្រចម្រាញ់ប្រេងដ៏មានសក្តានុពលនេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៩ ក្នុងនាមជារោងចក្រចម្រាញ់ប្រេងលំដាប់ទី៣ របស់សាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នមានសមត្ថភាពចម្រាញ់ប្រេងឆៅរហូតដល់ ២៦៥.០០០ បារ៉ែលក្នុងមួយថ្ងៃ។

តាមរយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត និងអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាផ្ទាល់ ដោយបានគូសបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់បែបយ៉ាងជូនដល់គ្រប់ធុរកិច្ចបរទេស ដែលមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព។

ទស្សនកិច្ចការងារដ៏មានសារៈសំខាន់នេះ គឺជាឱកាសដ៏វិសេសវិសាលមួយសម្រាប់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាការស្វែងយល់ពីគំរូនៃឧស្សាហកម្មបែបបៃតង និងការគ្រប់គ្រងថាមពលប្រកបដោយចីរភាព ដើម្បីជាទុនក្នុងខឿនគំនិតសម្រាប់យកទៅពិនិត្យលទ្ធភាព ក្នុងការរៀបចំគោលនយោបាយ និងទាក់ទាញការវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មគាំទ្រនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ប្រកបដោយបរិស្ថានមេត្រី និងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។