សេអ៊ូល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងដំណើរបេសកកម្មគោះទ្វារនិងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ពិភាក្សាការងារជាមួយ លោក Dae Yeol Ohm អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YURA Corporation។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមផងដែរ។

ក្រុមហ៊ុន YURA Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ គឺជាក្រុមហ៊ុនឯកទេសលំដាប់សកលលោក ក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកសម្រាប់យានយន្ត ដោយមានបណ្តាញផលិតកម្ម និងការលក់គ្របដណ្តប់លើ ១៦ ប្រទេសនៅទូទាំងពិភពលោក។ ក្នុងនោះដែរ គ្រឿងបង្គុំគន្លឹះៗដែលក្រុមហ៊ុនធ្វើការផលិត និងផ្គត់ផ្គង់ជូនដល់បណ្តាក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅលើឆាកអន្តរជាតិ រួមមាន៖ ប្រព័ន្ធខ្សែភ្លើងយានយន្ត (Wiring Harnesses) គ្រឿងបញ្ជាអេឡិចត្រូនិក (Electronic Control Units) និងគ្រឿងបង្គុំយានយន្តដែលមានមេត្រីភាពបរិស្ថាន(Environmental Friendly)។

ក្រុមហ៊ុន YURA Corporation ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ YURA Harness Cambodia ដែលបានចាប់ផ្តើមខ្សែច្រវាក់ផលិតកម្ម ខ្សែបណ្តាញចរន្តអគ្គិសនីក្នុងរថយន្ត (Wire Harness) នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០២២ មកម្ល៉េះ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ៨,៩៥លានដុល្លារ មានទីតាំងស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានបុគ្គលិក កម្មករ និយោជិត សរុបប្រមាណ ១.០០០នាក់ កំពុងបម្រើការ។




.jpg)
