ភ្នំពេញ៖ នាថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួម “ជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌា-កម្ពុជា” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម និង ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្ម សមាគម វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូប។

គោលបំណងនៃជំនួបផ្គូផ្គងធុរកិច្ចនេះ គឺដើម្បីជាវេទិកាសម្រាប់ពាណិជ្ជករកម្ពុជា និងឥណ្ឌា ជួបជុំគ្នាកសាងទំនាក់ទំនងធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូវិនិយោគទៅវិញទៅមកក្នុងវិស័យអាទិភាពនានា ដូចជា កសិកម្ម ការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម សេវាហិរញ្ញវត្ថុ វេជ្ជសាស្ត្រ មន្ទីរពេទ្យ និងគ្រឿងអេឡិកត្រូនិច ជាដើម។

សូមជម្រាបផងដែរថា លោកបណ្ឌិត Rajeev Singh Tyagi អគ្គនាយកនៃសភាពាណិជ្ជកម្មឥណ្ឌា បានដឹកនាំប្រតិភូធុរកិច្ចឥណ្ឌាចំនួន ២១ក្រុមហ៊ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាស្វែងយល់ពីបរិយាកាសធុរកិច្ច ឱកាសពាណិជ្ជកម្ម និងស្វែងរកដៃគូវិនិយោគនៅកម្ពុជា នៅក្នុងវិស័យសំខាន់ៗខាងលើ។ ក្រៅពីជំនួបផ្គូផ្គងធុរកិច្ចនេះ ប្រតិភូធុរកិច្ចឥណ្ឌាក៏បានចុះទស្សនកិច្ចផ្ទាល់នៅកសិដ្ឋានកសិកម្ម ក៏ដូចជា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់ឱ្យកាន់តែមានភាពស៊ីជម្រៅផងដែរ។