ម៉ុងត្រេអាល់៖ នាវេលាថ្ងៃត្រង់ ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមកម្មវិធីទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រមាណជាង ៥០រូបដែលភាគច្រើនជាឥស្សរជនរបស់រដ្ឋាភិបាលសហព័ន្ធ, រដ្ឋបាលខេត្តគេប៊ិច, រដ្ឋបាលក្រុងម៉ុងត្រេអាល់, និងជាថ្នាក់ដឹកនាំធុរកិច្ចដ៏លេចធ្លោនៅប្រទេសកាណាដា ជាពិសេស នៅទីក្រុងម៉ុងត្រេអាល់ និងខេត្តគេប៊ិចផ្ទាល់។​ប

ព្រឹត្តិការណ៍នេះមានសារៈសំខាន់ខ្លាំងលើផ្នែក សេដ្ឋកិច្ច និងនយោបាយ ដោយផ្តល់ឱកាសពិសេសសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីបានជួបផ្ទាល់ជាមួយអ្នកតាក់តែងគោលនយោបាយ និងអ្នកសម្រេចចិត្តនៅកម្រិតសហព័ន្ធ ខេត្ត និងក្រុង ក៏ដូចជាបង្កើតបណ្តាញទំនាក់ទំនង ជាមួយឥស្សរជននយោបាយសំខាន់ៗដែលតំណាងឱ្យទីក្រុងម៉ុងត្រេអាល់ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់កាណាដា និងទាក់ទាញឱកាសវិនិយោគពីក្រុមហ៊ុនកាណាដា ជាពិសេសនៅក្នុងតំបន់ Saint-Laurent ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មមួយរបស់ម៉ុងត្រេអាល់។