ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Glenn Keys AO ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Aspen Medical ក្នុងជំនួបពិសារអាហារពេលព្រឹក ដោយមានការចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ផងដែរ។

ជាកិច្ចចាប់ផ្ដើម លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណជូនដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុនបានលើកបង្ហាញអំពីប្រវត្តិការងារ និងបទពិសោធរបស់ក្រុមហ៊ុនដែលធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកលើគម្រោងសុខាភិបាលនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជី។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានប្រតិបត្តិការសេវាសុខាភិបាលនៅក្នុងប្រទេសធំៗមួយចំនួនលើពិភពលោកដូចជាសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសផងដែរ។ ក្រុមហ៊ុននឹងសិក្សាលម្អិតលើវិសាលភាពគ្របដណ្តប់សម្រាប់ការវិនិយោគនៅកម្ពុជា ហើយស្វែងរកកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធសំដៅបណ្តាក់ទុនវិនិយោគនាពេលអនាគត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនោះក៏បានបង្ហាញការស្វាគមន៍ទៅកាន់ក្រុមហ៊ុនសម្រាប់គ្រោងការសិក្សាលម្អិតអំពីការវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីសក្តានុពលចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។




