តូរ៉ុនតូ៖ នារសៀលថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Khawar Nasim នាយកប្រតិបត្តិនៃស្ថាប័ន Invest Ontario ទទួលបន្ទុកទាក់ទាញការវិនិយោគមកកាន់ខេត្តអុនតារីយ៉ូ និង លោក Bernie Derible ជំនួយការអនុរដ្ឋមន្ត្រីផ្នែកកសិកម្ម អ្នកប្រឹក្សាយោបល់ពិសេស និងជាភ្នាក់ងារទូទៅរបស់ខេត្តអុនតារីយ៉ូ សម្រាប់អាស៊ាន។ ជំនួបនារសៀលនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងកសិកម្មរវាងកម្ពុជា និងខេត្តអុនតារីយ៉ូ ដែលជាខេត្តមានសក្តានុពលសេដ្ឋកិច្ចធំជាងគេនៅកាណាដា។

ចំពោះផ្នែកវិនិយោគ និងពាណិជ្ជកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពី ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់បរិយាកាសធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ឯកឧត្តម បានលើកទឹកចិត្តស្ថាប័ន Invest Ontario ឱ្យជំរុញអ្នកវិនិយោគកាណាដាមកស្វែងយល់បន្ថែមអំពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ក្នុងវិស័យកសិ-ឧស្សហកម្ម, ឧស្សហកម្មកែច្នៃចំណីអាហារ ,ឧស្សាហកម្មបច្ចេកវិទ្យា, ឧស្សាហកម្មយានយន្ត, និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងបានបង្កើតជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងខេត្តអុនតារីយ៉ូ។ ភាគីទាំងពីរបានប្តេជ្ញាបន្តការទំនាក់ទំនង និងសម្របសម្រួល ដើម្បីប្រែក្លាយឱកាសសក្តានុពលទៅជាគម្រោងវិនិយោគជាក់ស្តែងនាពេលអនាគត៕