វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួន ២គឺ៖

១. ក្រុមហ៊ុន Pfizer ដែលជាក្រុមហ៊ុនមានជំនាញឯកទេសក្នុងការសិក្សាស្រាវជ្រាវ និងផលិតឱសថឈានមុខគេបំផុតមួយរបស់ពិភពលោក។ ជំនួបនាឱកាសនេះបានផ្តោតលើការផ្សារភ្ជាប់វិស័យឱសថ និងសុខាភិបាលកម្ពុជា ជាមួយបច្ចេកវិទ្យានិងស្តង់ដាសកលរបស់ Pfizer ដោយថ្នាក់ដឹកនាំ Pfizer ក៏បានបង្ហាញឆន្ទៈក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធ ដើម្បីសិក្សាលទ្ធភាពនៃការពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា ជាពិសេសលើការផ្គត់ផ្គង់ជាមួយលក្ខខណ្ឌពិសេសសម្រាប់ឱសថសំខាន់ៗ និងការគាំទ្រដល់កម្មវិធីសុខភាពសាធារណៈនានា។

២. ក្រុមហ៊ុន HP (Hewlett-Packard) ដែលឈានមុខគេនៅក្នុងពិភពលោកក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយជំនួបនាឱកាសនេះបានផ្តោតលើការផ្សារភ្ជាប់វិស័យបច្ចេកវិទ្យាកម្ពុជាទៅនឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលរបស់ HP និងការជំរុញយុគសម័យឌីជីថលនៅកម្ពុជា។ ជំនួបនេះបានបើកទំព័រថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលអាចជួយលើកកម្ពស់កម្រិតជីវភាព និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ ពិសេសគឺ ចូលរួមពន្លឿនគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល របស់កម្ពុជាផងដែរ។