ឡងប៊ិច៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាអមដំណើរឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមក្នុង «វេទិកាភាពជាដៃគូពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា» ដែលបានប្រារព្ធឡើងនៅ California State University, Long Beach (CSULB) នៅទីក្រុង Long Beach ដែលត្រូវបានរៀបចំឡើងដោយស្ថានកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ាដើម្បីសម្ពោធជាផ្លូវការនូវក្របខណ្ឌពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ក្នុងគោលដៅពង្រីក និងលើកទឹកចិត្តដល់ភាពជាដៃគូយុទ្ធសាស្ត្រលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងផ្សព្វផ្សាយអំពីសក្តានុពលពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងប្រទេសយើងទាំងពីរ។

វេទិកានេះបាននាំមកនូវការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី, ការផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាក្នុងតួនាទីជាមជ្ឈមណ្ឌលផលិតកម្ម និងនវានុវត្តន៍ក្នុងតំបន់, ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ទេសចរណ៍ វេជ្ជសាស្ត្រ ថាមពល សេវាកម្មឌីជីថល កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារ ក៏ដូចជាការបង្កើតឱកាសកសាងខ្សែចង្វាក់ផ្គត់ផ្គង់ និងភាពជាដៃគូថ្មីសម្រាប់បណ្តាក្រុមហ៊ុនអាម៉េរិកផងដែរ។