ចិន៖ នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងនិងធុរកិច្ច និង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ព្រមទាំងសមាជិកប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមពិធីពិសាអាហារធុកិច្ចរវាងសមាគមអ្នកវិនិយោគជនជាតិមីនចិននៅកម្ពុជា និង សមាគមឧកញ៉ាកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Xiamen Nikko Hotel ខេត្តហ៊្វូជៀន ទីក្រុងសៀមិន ប្រទេសចិន។

ពិធីស្វាគមន៍ និងពិសាអាហារធុរកិច្ចនេះ គឺការទទួលបដិសណ្ឋារកិច្ច និងផ្ដល់កិត្តិយសដោយលោក Lin Xiangrong ប្រធានសមាគមអ្នកវិនិយោគជនជាតិមីនចិននៅកម្ពុជា ដោយមានការចូលរួមពីប្រតិភូធុរជនចិនជាច្រើនរូប ដើម្បីជាកិច្ចស្វាគមន៍ និងផ្ដល់ជាឱកាសដល់ប្រតិភូធុរជននៃសមាគមទាំងពីរបង្កើតទំនាក់ទំនងល្អ ស្វែងយល់ និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។

ជាកិច្ចចាប់ផ្ដើម លោក Lin Xiangrong បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូកម្ពុជា ដែលធ្វើដំណើរមកកាន់ទីក្រុងសៀមិន ក្នុងឱកាសបំពេញបេសកកម្មចូលរួម “សន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគចិន-កម្ពុជា” និង “ពិព័រណ៍អន្តរជាតិចិន លើកទី២៥» ។

ក្នុងឱកាសពិធីនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានឡើងថ្លែងចំណាប់អារម្មណ៍ចែករំលែកជូនភាគីចិនអំពីសាវតា បេសកកម្ម និងតួនាទីស្នូលរបស់សមាគម ដោយបានរំលេចជូនប្រតិភូធុរជនចិនថា សមាគមឧកញ៉ាកម្ពុជា ជាបណ្ដុំធុរជន និងវិនិយោគិនមកពីចម្រុះវិស័យ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លើសពីនេះ អ្នកឧកញ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Lin Xiangrong ប្រធានសមាគមអ្នកវិនិយោគជនជាតិមីនចិននៅកម្ពុជា និង លោក Yang Dafa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសហ៊្វូជៀននៅកម្ពុជាសម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលផ្ដល់នូវជំនួបដ៏មានអត្ថប្រយោជន៍ និងជាអនុស្សាវរីយ៍ជាទីចងចាំរវាងសមាគមទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត។