ទីក្រុងហុងកុង, សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ (The 10th Belt and Road Summit) ដែលប្រព្រឹត្តទៅក្នុងទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ – បង្កើតអនាគតរួមគ្នា (Collaboration for change – Shape a shared Future)។

ក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ បានប្រមូលផ្ដុំទៅដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច វាគ្មិនអន្តរជាតិ និងអ្នកចូលរួមប្រមាណ ៦០០០នាក់ ពី៧០ប្រទេសទូទាំងពិភពលោក។ យ៉ាងហោចណាស់មានគម្រោងវិនិយោគប្រមាណ ២៩០គម្រោង និងការផ្គូផ្គងធុរកិច្ចច្រើនជាង៨០០ ត្រូវបានបង្ហាញ និងរៀបចំឡើងតាមរយៈកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី និងឱកាសអាជីវកម្ម។