ទីក្រុងហុងកុង, សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Frederick Ma ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។ ក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើលទ្ធផលការងារដែលសម្រេចបាន ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

លោកសាស្រ្តាចារ្យ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូនិងវិនិយោគិនកម្ពុជាចូលរួម ព្រមទាំងបានផ្ដល់សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ ក្នុងក្រុងហុងកុង។ លោកសាស្រ្តាចារ្យបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផងដែរអំពីសក្ដានុពលរបស់ក្រុងហុងកុង ព្រមទាំងបានបញ្ជាក់អំពីការបើកការិយាល័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងនៅកម្ពុជា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ក្រោយបានចុះអនុស្សរណៈនៃការយោគយល់គ្នារួចរាល់។ រាប់បញ្ចូលទាំងកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងមានការិយាល័យសរុបចំនួន ៥១នៅទូទាំងពិភពលោក។ លោកសាស្រ្តាចារ្យ បានបន្ថែមថាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅក្នុងតំបន់អាស៊ានបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយលោកសាស្រ្តាចារ្យមានជំហររឹងមាំនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែទូលំទូលាយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអញ្ជើញឯកឧត្តមចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានបំណងរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ចិន នៅប្រទេសកម្ពុជា ដែលក្នុងនោះស្នើសុំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូចូលរួម ដើម្បីជំរុញកិច្ចការងារវិនិយោគរវាងប្រទេសទាំងពីរ។ កម្ពុជាជាប្រទេសមានសេដ្ឋកិច្ចបើកចំហ និងអនុញ្ញាតឱ្យវិនិយោគិនបណ្ដាក់ទុនលើគ្រប់វិស័យ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំបទពិសោធន៍របស់លោកសាស្រ្តាចារ្យក្នុងការរៀបចំ និងគ្រប់គ្រងប្រព័ន្ធស្ថានីយរថភ្លើងក្រោមដី (MRT) ផងដែរ ដោយហេតុថាលោកសាស្រ្តាចារ្យមានបទពិសោធន៍ច្រើនឆ្នាំលើការគ្រប់គ្រងប្រភេទរថភ្លើងក្រោមដីក្នុងប្រទេសចិនមានជាអាទិ៍នៅទីក្រុងប៉េកាំង ទីក្រុងសិនជិន ទីក្រុងហាងចូវ និងប្រទេសអូស្ត្រាលីជាដើម។




