ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ នាថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Navleen Prasad នាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី (Australia Investment Council) របស់រដ្ឋាភិបាលអូស្ត្រាលី។

នាឱកាសនេះ លោកស្រីនាយកប្រតិបត្តិបានសម្តែងគារវកិច្ចជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានជម្រាបជូនអំពីប្រតិបត្តិការ ព្រមទាំងសកម្មភាពការងាររបស់ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី។ ស្ថាប័ននេះគឹជាតួអង្គសំខាន់មួយក្នុងការសម្របសម្រួល និងចាត់ចែងទុនវិនិយោគឯកជនអូស្ត្រាលី ដោយផ្ដល់សេវាគាំទ្រដល់ក្រុមហ៊ុនវិនិយោគសំខាន់ៗរបស់អូស្ត្រាលី រាប់បញ្ចូលទាំងក្រុមហ៊ុនមូលធនសម្ព័ន្ធ (Venture Capital), Private Equity, Private Credit។ល។ ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលីក៏បំពេញមុខងារជាស្ថាប័នជំរុញវិនិយោគ និងចាត់ចែងមូលនិធិប្រាក់សន្សំចូលនិវត្តន៍របស់ប្រទេសអូស្ត្រាលី ដើម្បីប្រើប្រាស់ជាទុនសម្រាប់ទ្រទ្រង់ការវិនិយោគឯកជនផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ក្រោយជម្រាបជូនក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី បានជ្រាបអំពីសក្តានុពល និងបច្ច័យជាវិជ្ជមានសម្រាប់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញលោកស្រីផ្ទាល់ និងក្រុមហ៊ុនអូស្ត្រាលីជាសមាជិកក្រុមប្រឹក្សាវិនិយោគអូស្ដ្រាលី អញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យស្វែងរកឱកាសបណ្ដាក់ទុកវិនិយោគផងដែរ។

ចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក Stephen Higgins និងលោក Morgan Hart ដែលជាវិនិយោគិនអូស្ត្រាលីកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផ្ទាល់ ក៏បានគូសបញ្ជាក់ពីការវិវត្តជាវិជ្ជមានរបស់កម្ពុជា ជូនលោកស្រីបានជ្រួតជ្រាបបន្ថែមផងដែរ។ ពិសេសជាងនេះ លោកក៏បានចែករំលែកនូវបទពិសោធរបស់ខ្លួនក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជា ដែលជំរុញឱ្យលោកស្រីមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សម្បូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធរបស់វិនិយោគិនទាំងពីរ ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា។