ទីក្រុងមែលប៊ន, ប្រទេសអូស្ត្រាលី៖ នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសកម្មភាពវិនិយោគក្នុងវិស័យរ៉ែដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងនវានុវត្តន៍ថ្មីៗ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Rio Tinto (Rio Tinto Research and Development facility) នៅតំបន់ Bundoora ដោយមានការទទួលបដិសណ្ឋារកិច្ចពីលោក Stuart Watson ប្រធានផ្នែកយុទ្ធសាស្ត្របច្ចេកទេស។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានផ្នែកបានបង្ហាញអំពីរបកគំហើញថ្មីៗរបស់ក្រុមហ៊ុន ដែលសុទ្ធសឹងជាមធ្យោបាយប្រកបដោយនវានុវត្តន៍និងមានសារៈសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពធ្វើប្រតិបត្តិការរុករក និងកែច្នៃរបស់ក្រុមហ៊ុន ក៏ដូចជាចូលរួមកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន។ ការប្រើប្រាស់គោលការណ៍ធុរកិច្ចដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការវិនិយោគ បានឆ្លុះបញ្ចាំងយ៉ាងគត់មុតពីការយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គមដ៏ប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកប្រធានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា។



