ចិន៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងនិងធុរកិច្ច និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ព្រមទាំងសមាជិកប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 25th China International Fair for Investment and Trade - CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា ពិធីបើកពិព័រណ៍នាឱកាសនេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហឺ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទសជុំវិញពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការនេះផងដែរ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជំរុញចក្ខុវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្រមទាំងបានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលថ្មីៗក៏ដូចជាវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជាដែលសម្រេចបានកាលពីឆ្នាំ២០២៤ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពោលគឺចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើង៤០% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ការនាំចេញរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោកក៏បន្តកើនឡើង ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣។ តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ ភាពបើកចំហ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។

ទន្ទឹមនឹងនេះ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ភាពជាដៃគូរវាងកម្ពុជា និងចិនបាននាំមកនូវមិនត្រឹមតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងផ្លូវគោក កំពង់ផែ អាកាសយានដ្ឋាន និងប្រព័ន្ធឌីជីថលជាដើម ដែលចិនគឺជាដៃគូដ៏សំខាន់បានចូលរួមវិនិយោគលើគម្រោងជាច្រើន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់ថាពិព័រណ៍អន្តរជាតិ CIFIT នឹងផ្ដល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការរួមគ្នាទាំងការវិនិយោគ និងពាណិជ្ជកម្ម។