ទីក្រុងហុងកុង, សាធារណរដ្ឋប្រជាមានិតចិន៖ នាថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាមានសមាសភាពចូលរួមពីសមាគមឧកញ៉ាកម្ពុជា ជួបផ្គូផ្គងធុរកិច្ចជាមួយសមាជិកសភាពាណិជ្ជកម្មចិនប្រចាំក្រុងហុងកុង ដឹកនាំដោយលោកបណ្ឌិត Jonathan Choi ប្រធានសភាពាណិជ្ជកម្មប្រចាំក្រុងហុងកុង ព្រមទាំងជាប្រធានក្រុមហ៊ុន Sunwah Group និងសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ (Guangdong-HK-Macao Bay Area Entrepreneurs Alliance)។

កម្មវិធីនាឱកាសនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្គូផ្គងវិនិយោគិនពីប្រទេសកម្ពុជាមានសមាសភាពពីសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនចិនជាសមាជិកសភាពាណិជ្ជកម្មចិនប្រចាំក្រុងហុងកុង បានជួបពិភាក្សាផ្លាស់ប្ដូរយោបល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

តាមរយៈកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យវិនិយោគិនទាំងអស់បន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ដោយហេតុថាកម្ពុជាមានសក្ដានុពលវិនិយោគប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ រាប់ចាប់ពីស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, មានទីផ្សារសេរី, មានកម្លាំងពលកម្មវ័យក្មេងដែលអាចបណ្ដុះបណ្ដាលបាន, ពិសេសរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី គាំទ្រយ៉ាងពេញទំហឹងចំពោះធុរកិច្ច។