ម៉ុងត្រេអាល់៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួម សិក្ខាសាលាធុរកិច្ចកាណាដា រៀបចំនៅក្នុងទីស្នាក់ការកណ្តាល ធនាគារជាតិនៃកាណាដា (National Bank of Canada – NBC) ស្ថិតក្នុងទីក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបង្កើនរំហូរវិនិយោគពីប្រទេសកាណាដា មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន/សហគ្រាសកាណាដាយ៉ាងច្រើនកុះករ ដែលជាសមាជិកដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ (2025 Team Canada Trade Mission - TCTM) បានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រៅពីនេះ ក៏មានវត្តមានចូលរួមពីសំណាក់ក្រុមហ៊ុនកាណាដាផ្សេងទៀត ដែលកំពុងបង្ហាញការចាប់អារម្មណ៍ខ្ពស់លើទីផ្សារអាស៊ាន ជាពិសេសកម្ពុជាផងដែរ។

សិក្ខាសាលានេះបានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយលទ្ធផលជាផ្លែផ្កា និងបានដើរតួជាវេទិកាមួយសម្រាប់ក្រុមហ៊ុនកាណាដា ដែលបានស្វែងយល់ពីកម្ពុជារួចហើយ អាចធ្វើការសម្រេចចិត្តវិនិយោគជាក់ស្តែង និងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់កម្ពុជាជាមូលដ្ឋានផលិតកម្ម និងនាំចេញ៕









