ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានទទួលបន្ទុកកិច្ចការប្រចាំខែកុម្ភៈរបស់សមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ បានដឹកនាំ និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាធុរកិច្ចពេលព្រឹកស្ដីពី «ការត្រៀមខ្លួនសម្រាប់យុទ្ធសាស្ត្រភាពជាដៃគូ» ដោយមានការចូលរួមពីសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន១៦រូប។ កិច្ចពិភាក្សាធុរកិច្ចនេះត្រូវបានរៀបចំឡើងជាលើកទី៣ នៅក្នុងខែកម្ភៈនេះ ដោយប្រធានបទនៃកិច្ចពិភាក្សាផ្តោតលើគន្លឹះសំខាន់ៗក្នុងការពង្រឹងនិងពង្រីកអាជីវកម្ម តាមរយៈការត្រៀមខ្លួនសម្រាប់យុទ្ធសាស្ត្រភាពជាដៃគូធុរកិច្ច។
.jpg)
ជាកិច្ចចាប់ផ្ដើម សមាជិកនីមួយៗបានចែករំលែកអំពីធុរកិច្ច និងវិស័យដែលខ្លួនកំពុងធ្វើអាជីវកម្ម និងវិយោគ ក៏ដូចជា ដៃគូធុរកិច្ចដែលខ្លួនកំពុងសហការជាមួយ ក្នុងគោលបំណងផ្លាស់ប្ដូរនូវបទពិសោធខុសៗគ្នាក្នុងការធ្វើធុរកិច្ច ព្រមទាំងជួយផ្ដល់មតិយោបល់ស្ថាបនាទៅវិញទៅមកក្នុងការកែខៃចំណុចខ្វះខាតនានា ដើម្បីជាគន្លឹះជួយពង្រឹងដល់អាជីវកម្មឱ្យមានដំណើរការកាន់តែល្អប្រសើរ។
.jpg)
បន្ទាប់ពីបានស្ដាប់ការចែករំលែក និងការស្នើសុំជាយោបល់ពីសមាជិកអង្គប្រជុំរួច ក្នុងនាមជាប្រធាននៃកិច្ចពិភាក្សា អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានផ្ដល់ជាអនុសាសន៍ និងចែករំលែកមេរៀនជាបទពិសោធផ្ទាល់ខ្លួនដល់សមាជិកពាក់ព័ន្ធនឹងតើយើងត្រូវត្រៀមខ្លួនយ៉ាងណាសម្រាប់យុទ្ធសាស្ត្រភាពជាដៃគូ? ឆ្លើយតបនឹងសំណួរនេះ អ្នកឧកញ៉ា បានចែករំលែកនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ការធានាឱ្យបាននូវគណនេយ្យភាព និងតម្លាភាពរបស់ក្រុមហ៊ុន តាមរយៈការរៀបចំឯកសារពន្ធដារ និងឯកសារផ្លូវការនានាឱ្យបានត្រឹមត្រូវតាមស្តង់ដារ
២.ការកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងខ្លួនឯង តាមរយៈការចូលរួមក្នុងសង្គមទាំងថ្នាក់តំបន់ និងពិភពលោក ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ និងស្វែងយល់អំពីបរិយាកាសខាងក្រៅ
៣.ការកសាងសមត្ថភាព តាមរយៈការវិនិយោគលើខ្លួនឯងលើចំណុចដែលមានការខ្វះខាត និងយល់ដឹងអំពីចំណុចខ្លាំងរបស់ខ្លួនដែលមាន និង
៤.ការស្វែងយល់អំពីដៃគូសហការ តាមរយៈការសិក្សាស្រាវជ្រាវអំពីប្រវត្តិក្រុមហ៊ុន វប្បធម៌ប្រពៃណី ចំណង់ចំណូលចិត្ត និងត្រូវយកចិត្តទុកដាក់ផងដែរនូវកត្តារួមផ្សំតូចៗផ្សេងទៀត ដែលអាចនាំឱ្យការចាប់ដៃគូវិនិយោគទទួលបានជោគជ័យ។
.jpg)
កិច្ចពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយភាពរលូនជាមួយលទ្ធផលវិជ្ជមាន ដោយសមាជិកអង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងផុសផុល និងទទួលបានព័ត៌មាន និងការចែករំលែកបទពិសោធល្អសម្រាប់ការយកមកអនុវត្តជាក់ស្ដែង៕
.jpg)
.jpg)













