ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី តំណាងសមាគមឧកញ៉ាកម្ពុជា បានចូលរួមជាមួយគណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយដៃគូគ្រប់គ្រងក្រុមហ៊ុន Blackrock Investment Management (Global Infrastructure Partners) ដឹកនាំដោយលោក Ari Droga ដោយមានការចូលរួមពីគណៈប្រតិភូអមដំណើររួមមានក្រសួង ស្ថាប័នកម្ពុជា និងផ្នែកឯកជនជាច្រើនរូប។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជាគឺជាទីតាំងគួរពិចារណាជ្រើសទៅបណ្ដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់។

 

ក្នុងឱកាសនោះក្រុមហ៊ុនក៏បានបង្ហាញឡើងអំពីបទពិសោធន៍របស់ខ្លួនក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសអូស្ត្រាលី ដូចជាអាកាសយានដ្ឋាននៅទីក្រុងស៊ីដនី កំពង់ផែនៅទីក្រុងម៊ែលប៊ន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗផ្សេងទៀតនៅលើពិភពលោករួមមានចក្រភពអង់គ្លេសជាដើម។

សូមបញ្ជាក់ផងដែរថា Blackrock Investment Management (Global Infrastructure Partners) គឺជាក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍លំដាប់ពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ហើយបាននិងកំពុងពង្រីកប្រតិបត្តិការនៅជុំវិញពិភពលោក ដោយមានទ្រព្យសកម្មរាប់ពាន់លានដុល្លារដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។