ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកចំនួន ១០រូប ចូលរួមសិក្ខាសាលាស្តីពី “ភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ (Public-Private-People Partnership) ដើម្បីកម្ពុជាប្រកបដោយជំនាញ” រៀបចំឡើងនៅសណ្ឋាគារ Oakwood Premier Phnom Penh ក្រោមអធិបតីភាព ឯកឧត្ដម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ សមាគមពាណិជ្ជកម្ម ថ្នាក់ដឹកនាំរោងចក្រ-សហគ្រាស ក្រុមប្រឹក្សាជំនាញតាមវិស័យ តំបន់សេដ្ឋកិច្ចពិសេស ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានបណ្តុះបណ្តាល និងតំណាងយុវជនប្រមាណជាង ២០០ស្ថាប័ន។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចម្បងៗ រួមមាន៖  ១) ការចែករំលែកបទពិសោធល្អៗក្នុងការអភិវឌ្ឍមូលធនមនុស្សពីដៃគូយុទ្ធសាស្ត្រក្នុងតំបន់ (សិង្ហបុរី និងម៉ាឡេស៊ី),  ២) ការពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃការបង្កើនជំនាញ (Upskilling) និងផ្លាស់ប្តូរជំនាញ (Re-skilling) ដើម្បីលើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែង,  និង  ៣) ការផ្លាស់ប្តូរកិច្ចព្រមព្រៀងជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ និងក្នុងស្រុក។

ក្នុងសិក្ខាសាលានេះផងដែរ ក៏មានរៀបចំកិច្ចពិភាក្សាដើម្បីចែករំលែកបទពិសោធ នៃការអភិវឌ្ឍមូលធនមនុស្សជាមួយកម្មវិធីបង្កើនជំនាញ (Upskilling) និងកម្មវិធីផ្លាស់ប្តូរជំនាញ (Reskilling) របស់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្រោមប្រធានបទ “បង្កើនជំនាញឥឡូវនេះ ដើម្បីប្រកួតប្រជែងថ្ងៃស្អែក! ជំនាញខ្ពស់ ចំណូលខ្ពស់!”។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ក៏ត្រូវបានផ្ដល់កិត្តិយសអញ្ជើញឱ្យធ្វើជាវាគ្មិនដើម្បីចែករំលែកអំពីបទពិសោធ និងបញ្ហាប្រឈមជាក់ស្ដែងក្នុងការធ្វើអាជីវកម្មក្នុងសិក្ខាសាលាស្តីពី “ភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ (Public-Private-People Partnership) ដើម្បីកម្ពុជាប្រកបដោយជំនាញ” ដោយអ្នកឧកញ៉ាបានចែករំលែកអំពីទស្សនវិស័យ បេសកកម្ម និងសកម្មភាពសំខាន់ៗរបស់សមាគមឧកញ៉ាកម្ពុជា ដែលសមាគមដើរតួនាទីយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញនិងជំរុញការវិនិយោគ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មលើគ្រប់វិស័យ។

បន្ថែមលើនេះ អ្នកឧកញ៉ាអគ្គលេខាធិការ ក៏បានគូសរំលេចអំពីសារៈសំខាន់ និងតម្រូវការនៃកម្លាំងពលកម្មជំនាញនៅក្នុងពិភពលោកដែលកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ក្នុងនោះក៏មានកម្ពុជាផងដែរដែលត្រូវការកម្លាំងពលកម្មប្រកបដោយជំនាញ និងមានវិជ្ជាជីវៈត្រឹមត្រូវទៅតាមវិស័យអាទិភាពនីមួយៗរបស់កម្ពុជាដើម្បីចូលរួមជំរុញវិស័យទាំងនោះឱ្យកាន់តែមានការអភិវឌ្ឍទៅមុខ ក៏ដូចជាទាក់ទាញវិយោគិនបរទេសមកដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ តាមរយៈការធ្វើអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកឧកញ៉ាអគ្គលេខាធិការ បានចែករំលែកដល់អង្គសិក្ខាសាលាទាំងមូលអំពីបទពិសោធ និងបញ្ហាប្រឈមជាក់ស្ដែងនានានៅក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃអាហារដែលនៅខ្វះខាតកម្លាំងពលកម្មជំនាញសម្រាប់បម្រើការងារក្នុងវិស័យនេះដែលជាវិស័យអាទិភាពមួយយើងអាចកែច្នៃ និងទាញយកផលប្រយោជន៍ទ្វេរដងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា បានវាយតម្លៃខ្ពស់ និងជឿជាក់ថា សិក្ខាសាលានេះគឺជាការចែករំលែកបទពិសោធដ៏ល្អ និងពិតជាមានតម្លៃខ្ពស់ជួយលើកទឹកចិត្ត និងបង្កើនការចូលរួមប្រកបដោយគុណភាពរបស់វិស័យឯកជន និងពលរដ្ឋក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យកម្ពុជាប្រកបដោយជំនាញនាពេលខាងមុខដ៏ខ្លី។