ទីក្រុងមែលប៊ន, ប្រទេសអូស្ត្រាលី៖ នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចពិភាក្សាតុមូល និងទទួលទានអាហារថ្ងៃត្រង់ជាមួយតំណាងក្រុមហ៊ុន សមាគមធុរកិច្ច និងអ្នកជំនាញក្នុងវិស័យធុរកិច្ច និងវិនិយោគ នៅអូស្ត្រាលី ដែលរៀបចំដោយ លោក Peter Horn អ្នកគ្រប់គ្រងទូទៅផ្នែកវិនិយោគ នៃគណៈកម្មការពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី (The Australian Trade and Investment Commission – Austrade)។

ជាកិច្ចចាប់ផ្ដើម លោក Peter Horn បានឡើងថ្លែងចំណាប់អារម្មណ៍អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្ត្រាលី និងសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាក់ស្តែងការចូលរួមរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ក្នុងតួនាទីនាពេលនោះជា មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណទៅកាន់ភាគីអូស្ត្រាលីដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនអង្គពិធីអំពីបច្ចុប្បន្នភាពសក្តានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគ ដោយបានសង្កត់ធ្ងន់លើទស្សនវិស័យ និងគោលនយោបាយប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក Stephen Higgins និងលោក Morgan Hart វិនិយោគិនអូស្ត្រាលីកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផ្ទាល់ ក៏បានចូលរួមចែករំលែកបទពិសោធ និងផ្តល់សក្ខីភាពនៃការវិវត្តន៍ជាវិជ្ជមានរបស់កម្ពុជាបានដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនសម្រួលការវិនិយោគនៅកម្ពុជា និងមានភាពល្អប្រសើរជាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។

បន្ទាប់ពីបានស្ដាប់ និងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក វិនិយោគិនដែលជាសមាជិកអង្គពិភាក្សាក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ច និងស្វែងរកកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជាបន្ថែមផងដែរ។