ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក (ក.ប.យ.អ.) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំដោយឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានក.ប.យ.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធាន ក.ប.យ.អ. ផ្នែករាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ទី១-ពិភាក្សាលើលទ្ធផលគន្លឹះបឋមនៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, ទី២-ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន, បញ្ហាប្រឈម និងសំណូមពរក្នុងវិស័យទាំងពីរ ទី៣-កាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមអគ្គលេខាធិការ សហប្រធានអង្គប្រជុំ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ព្រមទាំងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលនៃសភាពការណ៍ ពាណិជ្ជកម្មពិភពលោក ដែលអាចប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។

បន្ថែមលើនេះទៀត ឯកឧត្ដមអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងចក្ខុវិស័យកម្ពុជា២០៥០ ហើយនៅក្នុងគោលនយោបាយនេះផងដែរ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។ 

ក្នុងកិច្ចប្រជុំនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក្នុងនាមតំណាងលោកអ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា បានមានមតិលើកឡើងនូវចំណុចសំខាន់អំពីបញ្ហាប្រឈមដែលវិនិយោគិនកំពុងព្រួយបារម្ភគឺធនធានពលកម្មជំនាញសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងវិស័យអាទិភាពមួយចំនួនដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម ការកែច្នៃផលិតផលកសិកម្ម បច្ចេកទេសយានយន្ត និងអេឡិចត្រូនិកជាដើម ដោយអ្នកឧកញ៉ា បានបន្ថែមទៀតថានាពេលបច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ដែលជាស្ថាប័នឯកជនដែលបណ្តុំដោយធុរជនមានសក្តានុពលបាននឹងកំពុងគ្រប់គ្រងលើសហគ្រាសប្រមាណជាង ៨០០ និងវិនិយោគលើពហុវិស័យនៅទូទាំងប្រទេសក៏កំពុងជួបប្រទះនូវកង្វះខាតធនធានពលកម្មជំនាញនេះដែរ ហេតុនេះ អ្នកឧកញ៉ា បានស្នើឱ្យមានការរៀបចំសិក្ខាសាលារួមគ្នាដើម្បីពិភាក្សាលើបញ្ហានេះនិងដោយមានការចូលរួមពីស្ថាប័នជំនាញដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីផ្តល់នូវហិរញ្ញប្បទានលើការបណ្តុះបណ្តាលធនធានពលកម្មជំនាញដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សស្របទៅតាមតម្រូវរបស់វិស័យឯកជនប្រកបដោយប្រសិទ្ធភាព និងចីរភាព។

កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅដោយមានការចូលរួមមតិយោបល់យ៉ាងផុលផុស ពីសមាជិក សមាជិកាអង្គប្រជុំ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ នៅក្នុងដំណើរការនៃកិច្ចប្រជុំ ក៏មានការស្ទង់មតិអំពីការយល់ឃើញរបស់វិស័យឯកជនលើការរៀបចំ, ផលជះ និងប្រសិទ្ធភាព នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាផងដែរ។ ចំពោះទិសដៅការងារបន្តក.ប.យ.អ. នឹងពិនិត្យលើការធ្វើបច្ចុប្បន្នភាពសមាជិកឡើងវិញ ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៤ នៅក្នុងអំឡុងពេល ៦ ខែបន្ទាប់ខាងមុខ។

ថ្លែងក្នុងកិច្ចបិទអង្គប្រជុំ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសវិស័យឯកជន ដែលនាំឱ្យដំណើរការនៃកិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ប្រកបដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អ តាមការរំពឹងទុក។