ប្រទេសចិន៖ យោងតាមសំណើរបស់ ផ្ទះយុវជន មិត្តភាពកម្ពុជា-ចិន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ចូលរួមជាមួយគណៈប្រតិភូកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្រោមការដឹកនាំដោយឯកឧត្តម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកម្មវិធីសំខាន់ៗជាបន្តបន្ទាប់រួមទាំងជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំចិន ក៏ដូចជាដំណើរទស្សនកិច្ចនាទីក្រុងប៉េកាំង ក្រុងដាលាន និងក្រុងសិនជិន ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនួញ រួមទាំងសហគ្រិននៃប្រទេសទាំងពីរដើម្បីរួមគ្នាអភិវឌ្ឍ និងជំរុញការវិនិយោគប្រកបដោយសក្តានុពលទាំងពេលបច្ចុប្បន្ន និងអនាគត។

ជាការកត់សម្គាល់ គណៈប្រតិភូកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ជាក់ស្តែងនាថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលគណៈបក្សកុម្មុយនីស្តចិន បានអនុញ្ញាតដល់ ឯកឧត្តម គីម រិទ្ធី ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយបានផ្តោតលើកិច្ចពិភាក្សាក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង សហគ្រិនវ័យក្មេង និងយុវជន ដើម្បីពង្រឹងទំនាក់ទំនង សិក្សាស្វែងយល់ បង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងកម្ពុជា និងចិន។

ក្នុងឱកាសបំពេញបេសកកម្មនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនឯកឧត្តម លីវ ជានឆាវ នូវសាវតាសង្ខេបរបស់សមាគមឧកញ៉ាកម្ពុជា រួមជាមួយតួនាទីស្នូល និងសកម្មភាពរបស់សមាគមឧកញ៉ា។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានជូនឯកឧត្តម លីវ ជានឆាវ រួមមានសៀវភៅឧកញ៉ា ឆ្នាំ២០២៥ ជាភាសាចិន រួមជាមួយផលិតផលកែច្ឆៃរួចដ៏មានសក្តានុពលរបស់កម្ពុជាដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយកែវរមៀត ស្ករត្នោតសរីរាង្គកំពង់ស្ពឺ (GI) ផងដែរ។

នាថ្ងៃបន្តបន្ទាប់មកទៀត គណៈប្រតិភូផ្ទះយុវជន ក៏បានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំជាច្រើនរួមមាន៖ ជំនួបជាមួយ ឯកឧត្តម Tan Zuojun អនុប្រធានគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន (SASAC) ដែលឯកឧត្តមបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងនៃប្រទេសទាំងពីរចាប់តាំងពីយូរលង់ណាស់មកហើយ ដែលត្រូវបានថែរក្សាបន្តដោយយុវជនជំនាន់ក្រោយ ក្នុងនោះផ្ទះយុវជនជាយន្តការមួយដែលកំពុងដើរតួនាទីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងថ្នាក់ដឹកនាំវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ, ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីស្នាក់ការកណ្តាលរបស់មូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ (CFPD) នៅទីក្រុងប៉េកាំង, ដំណើរទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យាអប់រំជឿនលឿននៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងធុរកិច្ចប៉េកាំង (Beijing Technology and Business University –BTBU), ទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការអភិវឌ្ឍរថភ្លើង រៀបចំដោយក្រុមហ៊ុនរថភ្លើងល្បឿនលឿនរបស់ចិន China Railway High-Speed (CRH), ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឈិន ពូអ៊ី សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកចាត់តាំងនៃគណ:កម្មាធិការក្រុងសិនជិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែច្រើនទៀតជាមួយកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថលឈានមុខ ឧបករណ៍អេឡិកត្រូនិក ពាណិជ្ជកម្មនិងវិនិយោគ និងដំណើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីការអភិវឌ្ឍសួនឧស្សាហកម្មនាសម័យបច្ចេកវិទ្យាជឿនលឿន ដែលជាផ្នែកដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនទំនាក់ទំនងជាលក្ខណៈអន្តរជាតិនៅទីក្រុងជូហាយ និងសិនជិន។


តាមរយៈបេសកកម្មនេះ សហគ្រិនកម្ពុជាបានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើន រួមទាំងទស្សនកិច្ចសិក្សា បទបង្ហាញតាមប្រធានបទ និងការផ្លាស់ប្តូរវប្បធម៌ ដែលផ្តល់មេរៀនដ៏មានតម្លៃអំពីការអភិវឌ្ឍ ការដឹកនាំ កំណើនសេដ្ឋកិច្ចដែលជំរុញដោយការបង្កើតថ្មី និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ជាពិសេសអំពីសម្ព័ន្ធភាពជាយុទ្ធសាស្ត្រដើម្បីជំរុញការតភ្ជាប់ប្រទេសចិនទៅកាន់ពិភពលោកជាពិសេសជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។ 

ដូច្នេះ កម្មវិធីនេះមិនគ្រាន់តែជាបេសកកម្មការទូត ឬដំណើរទស្សនកិច្ចសិក្សានោះទេ វាគឺជាបទពិសោធនៃភាពជាអ្នកដឹកនាំដែលរៀបចំឡើងដើម្បីតម្រង់ទិសសហគ្រិនជំនាន់ថ្មីដែលមានគំនិតច្នៃប្រឌិតទូទាំងពិភពលោក និងការទទួលខុសត្រូវចំពោះសង្គម ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងធុរជន និងសហគ្រិន នៃប្រទេសទាំងពីរ។