ភ្នំពេញ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកា ជូនកាកបាទក្រហមកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានជម្រាបជូនលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសកម្មភាពរបស់សមាគមឧកញ៉ាកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាស្ថាប័នមនុស្សធម៌ជាច្រើនទៀតក្នុងគោលដៅរួមចំណែកលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាសកម្មភាពធុរកិច្ចដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវនីយ៍របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមឧកញ៉ាកម្ពុជា ដែលតែងតែបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈ ជូនកាកបាទក្រហមកម្ពុជាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២៣មកក៏ដូចជាតែងតែចូលរួមវិភាគទានក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនទាំងក្នុងការងារសង្គម និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះបានឆ្លុះបញ្ចាំងពីការចូលរួមប្រកបដោយឆន្ទៈនិងបេះដូងមនុស្សធម៌ពិតៗរបស់សមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជាក្នុងការជួយដល់សង្គមជាតិរបស់យើង។

លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូផងដែរថា សកម្មភាពទាំងអស់របស់កាកបាទក្រហមកម្ពុជា គឺបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ទើបកាកបាទក្រហមកម្ពុជា អាចបំពេញបេសកកម្មមនុស្សធម៌បាន និងអាចបន្តនិរន្តរភាពទៅមុខទៀតបាន។

លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់ និងសង្ឃឹមជឿជាក់ថា សមាគម នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជានៅឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃផ្តល់កិត្តិយ ដល់សមាគមឧកញ៉ាកម្ពុជា បានចូលជួបសម្តែងការគួរសម និងចូលរួមបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា។ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត និងសម្តេចធិបតី ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយ បញ្ញាញាណ ភ្លឺថ្លាវាងវៃ កាយពលមាំមួន សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរ។






