ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា តុល លនសមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ២ រូបនៅខេត្តព្រៃវែង និងស្វាយរៀងដែលមានដូចខាងក្រោម៖

១. លោកអនុសេនីយ៍ត្រី សំរិត ព្រី ដែលជាវីរៈយុទ្ធជនបានពលីជីវិតក្នុងសមរភូមិនៅភ្នំទ្រព្យកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យសពប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតក្នុងភូមិ កគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង

២. លោកអនុសេនីយ៍ទោ តែម សុខជា ជាយោធិនបម្រើការងារនៅកងពលតូចលេខ៨ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធកាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយពិធីបុណ្យសពប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា តុល លន បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពរបស់វីរជនទាំង ២រូបដែលជាស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនទាំង ២រូបសូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕