ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ប៊ុន ហៃ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៥រូបនៅខេត្តសៀមរាបដែលមានដូចជា៖
១. ឧត្តមសេនីយ៍ត្រី ពៅ សំណាង យោធិននៃកងពលធំអន្តរាគន៍លេខ២ ដែលបានពលីលើសមរភូមិក្នុងការការពារ និងវាយបកប្រឆាំងខ្មាំងសត្រូវឈ្លានពានទឹកដីនៅតំបន់ភ្នំទ្រព្យដោយពិធីបុណ្យរៀបចំឡើងនៅគេហដ្ឋានក្នុងភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២. លោកព្រឹន្ទបាលឯក ឆាត ឈៀន ដែលបានពលីនៅសមរភូមិតំបន់ភ្នំទ្រព្យកាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យរៀបចំឡើងនៅគេហដ្ឋានក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៣. លោកអនុសេនីយ៍ឯក អួត រ័ត្ន កងពលតូចអន្តរាគមន៍លេខ៤ ដែលបានពលីលើសមរភូមិក្នុងការការពារ និងវាយបកប្រឆាំងខ្មាំងសត្រូវឈ្លានពានទឹកដីនៅតំបន់ប្រាសាទតាមាន់ដោយពិធីបុណ្យរៀបចំឡើងនៅគេហដ្ឋានក្នុងភូមិបន្ទាយស្រី ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៤. លោកអនុសេនីយ៍ត្រី ថន ញ៉ាញ់ ដែលបានពលីកាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ តំបន់ភ្នំទ្រព្យដោយពិធីបុណ្យរៀបចំឡើងនៅគេហដ្ឋានក្នុង ភូមិរុនតាឯក ឃុំរុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប។
៥. អនុសេនីយ៍ឯក គឹម សំអាត បម្រើការនៅកងពលធំអន្តរាគមន៍លេខ៣ ដែលទទួលមរណភាព ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសរមភូមិមុខតំបន់ប្រាសាទព្រះវិហារ ដោយពិធីបុណ្យរៀបចំឡើងនៅគេហដ្ឋានក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនក្រុមគ្រួសារ នៃសពវីរជនទាំង ៥រូបផងដែរ។
មរណភាពរបស់យោធិនទាំង ៥រូបគឺជាការបាត់បង់កូនប្រុសដ៏កត្តញ្ញូ បាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនទាំង ៥រូបសូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)


.jpg)

.jpg)

.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)