ត្បូងឃ្មុំ៖ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហេង ឡុង អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ា ឧកញ៉ា ជាសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក ព្រៀប ចំរើន ជំនួយការសេនាធិការវរ២១៤ នៃកងពលតូចថ្មើរជើងលេខ២១ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៥ ដោយពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៤ ស្ថិតក្នុងភូមិសំពៅផុសថ្មី ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជាមួយគ្នានេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហេង ឡុង បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពផងដែរ។

មរណភាពរបស់លោកវរសេនីយ៍ឯក ព្រៀប ចំរើន គឺជាការបាត់បង់នូវស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក ព្រៀប ចំរើន បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕