កំពង់ចាម៖ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហេង ឡុង អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ា ឧកញ៉ា ជាសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបបានបន្តចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ហេង តាំង យោធិននៃកងពលអន្តរាគមន៍លេខ១ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីដោយពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហេង ឡុង បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពផងដែរ។

មរណភាពរបស់លោកអនុសេនីយ៍ទោ ហេង តាំង គឺជាការបាត់បង់នូវកុលបុត្រដ៏ឆ្នើម និងអង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ទោ ហេង តាំង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




