ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលីទាំង ៦រូបនៅខេត្តកំពង់ធំ និងសៀមរាបដែលមានដូចជា៖

១. លោកព្រឹន្ទបាលឯក ឌី សេង ដែលបានពលីជីវិតក្នុងសមរភូមិភ្នំទ្រព្យដោយពិធីបុណ្យបា្ររព្វធ្វើនៅឯគេហដ្ឋានផ្ទាល់ដែលស្ថិតនៅភូមិកំពង់ពោន៍ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

២. លោកអនុសេនីយ៍ត្រី ញាត ឈីន ដែលបានពលីជីវិតក្នុងសមរភូមិភ្នំទ្រព្យដោយពិធីបុណ្យបា្ររព្វធ្វើនៅឯគេហដ្ឋានផ្ទាល់ដែលស្ថិតនៅភូមិបឹង ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

៣. លោកព្រឹន្ទបាលឯក ពេជ្រ ង៉ោល យោធិននៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលលេខ៨ ចំណុះកងពលធំលេខ ៣ ដែលបានពលីជីវិតកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យបា្ររព្វធ្វើនៅឯគេហដ្ឋានផ្ទាល់ដែលស្ថិតនៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

៤. លោកវរសេនីយ៍ត្រី ជួង លៀប ដែលបានពលីជីវិតជូនជាតិមាតុភូមិក្នុងសមរភូមិនៅព្រំដែនតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥១ឆ្នាំដោយពិធីបុណ្យបា្ររព្វធ្វើនៅឯភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ បន្ថែមពីលើនេះ សមាគមឧកញ៉ាកម្ពុជា នឹងធ្វើការផ្តល់ជូននូវអំណោយផ្ទះ ១ខ្នងជូនដល់ភរិយា និងកូនៗរបស់ លោកវរសេនីយ៍ត្រី ជួង លៀប ផងដែរដោយតែគ្រួសារនេះមិនទាន់មានផ្ទះផ្ទាល់ខ្លួនសម្រាប់រស់នៅប្រចាំថ្ងៃនៅឡើយទេ។ 

៥. លោកនាយចំណង់ ចាប ថី បម្រើការនៅកងពលតូចលេខ៣ ដែលបានពលីជីវិតជូនជាតិមាតុភូមិក្នុងសមរភូមិតំបន់ប្រាសាទតាមាន់តទល់នឹងកងទ័ពឈ្លានពានសៀមកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យបា្ររព្វធ្វើនៅគេហដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

៦. លោកព្រឹន្ទបាលឯក ថា សុភា ដែលបានពលីជីវិតជូនជាតិមាតុភូមិក្នុងសមរភូមិតទល់នឹងកងទ័ពឈ្លានពានសៀមដោយពិធីបុណ្យបា្ររព្វធ្វើនៅវត្តស្វាយលើ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ខណៈដែលសពបានធ្លាក់ជ្រោះនិងមិនទាន់បានរកឃើញនៅឡើយ។
ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនក្រុមគ្រួសារ នៃសពយោធិនពលីទាំង ៦រូបដែលជាវីរជនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនទាំង ៦រូបសូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕