ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៦រូបនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាបដែលមានដូចជា៖ 

១. លោកព្រឹន្ទបាលទោ ស៊ីម គា ជាយោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីតទល់នឹងកងទ័ពឈ្លានពានសៀម ខណៈដែលពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាន នៃសពដែលស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

២. លោកអនុសេនីយ៍ត្រី ច័ន្ទ តារា ដែលបានពលីជីវិតក្នុងសមរភូមិនៅភ្នំទ្រព្យ ដោយពិធីបុណ្យសពប្រារព្ធធ្វើនៅឯស្រុកកំណើតដែលស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជាមួយគ្នានេះ អ្នកឧកញ៉ា អ៊ាន អេឡែន និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាក៏បានបន្តដំណើរឆ្ពោះទៅកាន់វត្តប្រាសាទរាជាសំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពកម្ពុជាចំនួន ៤រូបទៀតគឺ៖

១. លោកព្រឹន្ទបាលឯក សយ ប្រុស 
២. ពលទោ សំសុគង់ ឆាត 
៣. ពលទោឯក វិន សុខរ៉ា 
៤. លោកព្រឹន្ទបាលឯក តុត ប៊ុនយឿន 

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពរបស់វីរជនទាំង ៦រូបដែលជាយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពរបស់លោកទាំងអស់គ្នានឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនទាំង ៦រូបសូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕