អ្នកឧកញ៉ា លាង ម៉េង មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧៥ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩៣មកក្រោមការដឹកនាំបង្ហាត់បង្ហាញរបស់ម្តាយបង្កើតគឺលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងបងប្រុសគឺ លោកអ្នកឧកញ៉ា លាង ឃុន។ អ្នកឧកញ៉ា លាង ម៉េង ក៏ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុកដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖ ៖ ក្រុមហ៊ុនលក់សម្ភារៈ និងទំនិញ (MFCG), ក្រុមហ៊ុនផលិត ចែកចាយស៊ីម៉ងត៍និងបេតុងលាយស្រេច, ក្រុមហ៊ុនផលិតភេសជ្ជៈ ទឹកបរិសុទ្ធ និងស្រាបៀរ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, វិស័យសំណង់និងអចលនទ្រព្យ, រោងចក្រឧស្សាហកម្មផងដែរ។
ក្នុងនាមជាប្រធានក្រុមហ៊ុន អ្នកឧកញ៉ា លាង ម៉េង បានបំពេញតួនាទីចម្បងក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រទាំងរយៈពេលខ្លី មធ្យម និងវែង បន្ទាប់មកសម្របសម្រួលធ្វើផែនការ រៀបចំ ដឹកនាំ គ្រប់គ្រង និងវាយតម្លៃ ធ្វើយ៉ាងណាធានាឱ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យស្របទៅតាមផែនការ និងទស្សនវិស័យរបស់ខ្លួន។ ជាការកត់សម្គាល់ ក្រៅពីការផ្តោតទៅលើប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន អ្នកឧកញ៉ា ក៏បានយកចិត្តទុកដាក់ខ្ពស់លើការទទួលខុសត្រូវចំពោះសង្គមដោយបានប្រតិបត្តិការធុរកិច្ចប្រកបដោយអនុលោមភាពខ្ពស់ និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់។ ដូចនេះហើយទើបគេសង្កេតឃើញថា ជីប ម៉ុង គ្រុប តែងតែបានបរិច្ចាគនូវធនធានដ៏ច្រើនជាមួយរាជរដ្ឋាភិបាលលើសកម្មភាពមនុស្សធម៌ សុខាភិបាល អប់រំ កីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងផ្នែកអាណាចក្រផងដែរ។ តាមរយៈសកម្មភាពទាំងនេះ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។