អ្នកឧកញ៉ា ផែ ហុកឈួន មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៣ នៅក្រុងភ្នំពេញនិងជាអ្នកជំនួញមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។
អ្នកឧកញ៉ា ផែ ហុកឈួន គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យី តាក់ គ្រុប (Ye Tak Group LTD) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជាតាំងពីឆ្នាំ២០០២ ដោយបានសហការជាមួយក្រុមហ៊ុនក្នុងផ្សារភាគហ៊ុនដ៏ធំមួយរបស់ប្រទេសវៀតណាម។ អ្នកឧកញ៉ា ក៏ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឡុងមេត អេហ្គ្រីខាល់ឈឺ ឯ.ក (Longmate Agriculture Co., LTD) ដែលបានបោះទុនវិនិយោគលើវិស័យកសិកម្ម ជាពិសេសការដាំចេកអំបូងលឿងក្នុងទឹកដីខេត្តកំពតសម្រាប់នាំចេញទៅទីផ្សារបរទេស។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារដូចជា សណ្ឋាគារអាស៊ី (Asia Hotel), សណ្ឋាគារ និងភោជនីយដ្ឋានប្រេស៊ីដង់ (Le President Hotel and Restaurant), ភោជនីយដ្ឋានកូបេ (Kobe Restaurant) នៅក្នុងទីក្រុងភ្នំពេញ និងអាជីវកម្មដទៃទៀតនៅក្នុងខេត្តសៀមរាបផងដែរ។
ក្រៅពីកិច្ចការជំនួញ និងវិនិយោគ អ្នកឧកញ៉ា ក៏បានលះបង់ជាច្រើនទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការបរិច្ចាគ ទាំងកិច្ចការសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។