អ្នកឧកញ៉ា ហាន់ ឃាង មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៤៩ នៅខេត្តកោះកុង និងបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ពោលគឺតាំងពីពេលដែលលោកកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីមកម្ល៉េះ។
អ្នកឧកញ៉ា គឺជាអ្នកជំនួញនិងជាវិនិយោគិនដ៏មានបទពិសោធន៍ម្នាក់នៅកម្ពុជា ជាក់ស្តែងក្រោយពីបានត្រលប់មកពីប្រទេសអូស្រ្តាលីវិញក្នុងឆ្នាំ១៩៩២ លោកបានចូលរួមជាមួយដៃគូក្នុងស្រុកនិងបរទេសក្នុងការបោះទុនវិនិយោគលើក្រុមហ៊ុនជាច្រើនមានដូចជា៖ ក្រុមហ៊ុន Muhibbah Masteron Cambodia J.V.Ltd. ក្រុមហ៊ុន Muhibbah Engineering (Cambodia) Co., Ltd., ក្រុមហ៊ុន Muhibbah Stone Crushing Industry & Asphalt., Ltd., ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ SCA, ក្រុមហ៊ុន K.HANN Investment Group Ltd., តំបន់សេដ្ឋកិច្ចពិសេស Cambodian Bin Hai និងតំបន់សេដ្ឋកិច្ចពិសេស H.K.T ជាដើម។
ក្រៅពីកិច្ចការជំនួញ និងវិនិយោគ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។