អ្នកឧកញ៉ា សុខ ឆេង មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៤៧ នៅក្រុងភ្នំពេញហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់ជាច្រើនទសវត្សរ៍មកហើយ។
អ្នកឧកញ៉ា សុខ ឆេង គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PPD&C Co., Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ភ្លើងបំភ្លឺសាធារណៈ។ ជាមួយគ្នានេះ លោកក៏បានធ្វើការបោះទុនវិនិយោគជាច្រើនក្នុងវិស័យកសិកម្មតាមរយៈក្រុមហ៊ុន Ye Tak Group Co., Ltd. ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជាតាំងពីឆ្នាំ២០០២ ព្រមទាំងក្រុមហ៊ុន Mekong Oryza Trading Co., Ltd. ដែលជាក្រុមហ៊ុននាំអង្ករចេញទៅក្រៅប្រទេស និងក្រុមហ៊ុន Longmate Agriculture Co., Ltd. ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារអន្តរជាតិ។
កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។