អ្នកឧកញ៉ា គង់ សាង មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៤៩ នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ ដោយក្នុងចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ បាននាំចូលនូវផលិតផលមួយចំនួនពីបរទេសមកលក់ក្នុងប្រទេសជាពិសេសក្រណាត់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
នាចុងឆ្នាំ១៩៩៦ លោកនិងដៃគូធុរជនចិនតៃវ៉ាន់បានបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជាក៏ស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. ក៏ដូចជារោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company ផងដែរ។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀត។
បច្ចុប្បន្ន អ្នកឧកញ៉ា គង់ សាង ក៏ជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងជាអនុប្រធាននៃសមាគម WU Chinese Association in Cambodia (WAC) ផងដែរ។
ក្នុងអាជីពជាអ្នកវិនិយោគលោកត្រូវបានទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការងារមនុស្សធម៌ និងសង្គមជាច្រើនទៀត។ អ្នកឧកញ៉ា បានទទួលគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។