អ្នកឧកញ៉ា ជៀម ផែន មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦០ នៅខេត្តកោះកុង ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។
អ្នកឧកញ៉ា គឺជាម្ចាស់ក្រុមហ៊ុន CP&A Trading International Co., Ltd. ដែលជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានបទពិសោធន៍ជាង៣៥ឆ្នាំក្នុងការនាំចូល និងចែកចាយនូវភេសជ្ជៈទឹកផ្លែឈើ ស្រាបៀ និងសម្ភារប្រើប្រាស់ច្រើនប្រភេទក្នុងទីផ្សារកម្ពុជា។ បន្ថែមពីលើនេះ អ្នកឧកញ៉ាក៏បានវិនិយោគលើវិស័យផ្សេងៗទៀតដូចជាសណ្ឋាគារ និងសេវាកម្សាន្តផងដែរ។
កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។