អ្នកឧកញ៉ា លី ហុង មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦៥ នៅខេត្តកំពង់ចាម ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។
អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន បុរីអង្គរ ផាលេស (Borey Angkor Palace) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យដ៏ធំមួយដោយសាងសង់នូវលំនៅឋានដ៏ប្រណីតៗនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រក្នុងរាជធានីភ្នំពេញក៏ដូចជានៅក្នុងក្រុងសៀមរាបរួមជាមួយនឹងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ដ៏ល្បីល្បាញឈ្មោះ ផាលេស អង្គរ រីសត (Palace Angkor Resort and Spa) ព្រមទាំងបានវិនិយោគលើអគារ The Penthouse Resident ដ៏ទំនើបកម្រិតផ្កាយ៥នៅកណ្តាលរាជធានីភ្នំពេញលើមហាវិថីសុធារសដ៏មមាញឹក ក្រៅពីនេះអ្នកឧកញ៉ាក៏មានមុខជំនួញជាច្រើនផ្សេងទៀតផងដែរ។
ជាអ្នកជំនួញអចលនទ្រព្យមួយរូបដែលមានឈ្មោះបោះសំឡេង អ្នកឧកញ៉ា លី ហុង ត្រូវបានគេស្គាល់ថា ជាសហគ្រិនដែលមានជំនឿមុតមាំក្នុងការវិនិយោគប្រកបដោយចក្ខុវិស័យឆ្ពោះទៅរកតំបន់ដែលមានសក្តានុពលប្រកបដោយការរចនាដែលមានសោភ័ណភាព ទំនើប និងស៊ីវិល័យ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ជាហេតុធ្វើឱ្យអ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។