អ្នកឧកញ៉ា លី សេងឃាង គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក នៃក្រុមហ៊ុន ប៊ីអេស លែន & ហូម ខូ អិលធីឌី (BS Home and Land Co., Ltd.) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន បុរី និងសំណង់ ហើយស្ថិតក្នុងចំណោមបណ្ដាក្រុមហ៊ុនឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានផ្ដល់ការងារដល់បុគ្គលិកជាច្រើននាក់ដែលជាការរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ភាសាខ្មែរ ថៃ និងចិន និងបានប្រកបអាជីវកម្មក្នុងវិស័យខាងលើអស់រយៈពេលជាច្រើនឆ្នាំ។
ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្ម និងចូលរួមបរិច្ចាគថវិកាជាច្រើនទាំងក្នុងការងារសង្គម និងសប្បុរិសធម៌នានារួមមាន ស្ថាបនាផ្លូវថ្នល់ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ បរិច្ចាគ និងឧបត្ថម្ភជូនដល់កាកបាទក្រហមកម្ពុជា និងក្នុងឱកាសកម្មវិធីបុណ្យប្រពៃណីជាតិជាដើម។ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។