អ្នកឧកញ៉ា លី យូគៀក គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន លី យូគៀក អ៊ិនវេនមិន (Ly Youkeak Investment Co., Ltd) ដែលកំពុងវិនិយោគលើវិស័យ ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និង អាហរ័ណ នីហរ័ណ។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានផ្ដល់ការងារដល់បុគ្គលិកសរុបជាង ១ពាន់នាក់ ដែលជាការចូលរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។
អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធន៍ និងមានវិជ្ជាជីវៈខ្ពស់ ដែលបានប្រកបអាជីវកម្មក្នុងវិស័យខាងលើអស់រយៈពេលជាច្រើនឆ្នាំ។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរិសធម៌នានា រួមមាន កសាងសាលារៀន វត្តអារាម បន្ទាយហ្វឹកហ្វឺនភូមិភាគ៥ បន្ទាយបញ្ជាការដ្ឋានកងអង្គរក្ស រូបសំណាកជាង ២០០រូប អណ្ដូងទឹកជាង ២០០អណ្ដូង ទិញដីកសាងសាលាឃុំ ចូលរួមឧបត្ថម្ភកាកបាទក្រហមរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងបណ្ដាខេត្តផ្សេងៗ មន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលកុមារកំព្រា និងពលរដ្ឋក្រីក្រ។
តាមរយៈការចូលរួមទាំងនេះ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។