លោកអ្នកឧកញ៉ា លី ហួរ មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកអ្នកឧកញ៉ាជាជនជាតិខ្មែរដែលកើតក្នុងឆ្នាំ១៩៥៤ នៅខេត្តកំពង់ចាម និងមានភរិយាឈ្មោះ លោកជំទាវអ្នកឧកញ៉ា ស៊ាង លីម និងមានកូនប្រុសស្រីចំនួន ៤នាក់។
លោកអ្នកឧកញ៉ាគឺជាស្ថាបនិក នៃសម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group) ដោយលោកបានចាប់ផ្តើមសម្ព័ន្ធអាជីវកម្មនេះជាមួយដើមទុនជាមាសចំនួន ២ (ពីរ)ជីកន្លះនៅក្នុងទសវត្សរ៍១៩៨០ នារាជធានីភ្នំពេញតាមរយៈមុខរបរទិញ-លក់ មាស និងបន្ទាប់មកទៀតបានបើកកន្លែងប្តូរប្រាក់ដែលអាជីវកម្មនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញមកទល់សព្វថ្ងៃ។
តាមរយៈភាពជាអ្នកដឹកនាំរបស់ខ្លួន លោកអ្នកឧកញ៉ា លី ហួរ បានវិវត្តន៍ខ្លួនជាបន្តបន្ទាប់រហូតត្រូវបានគេស្គាល់ថាជាពាណិជ្ជករដ៏លេចធ្លោ និងជាធុរជនខែ្មរមួយរូបដែលមានគុណវុឌ្ឍិព្រមទាំងមានភាពជាសហគ្រិន និងជាអ្នកដឹកនាំល្អមានការបេ្តជ្ញាចិត្តខ្ពស់ ដោយលោកអ្នកឧកញ៉ាបានបង្កើតនិងពង្រីកអាជីវកម្មក្នុងពហុវិស័យប្រកបដោយភាពជោគជ័យអស់រយៈពេលជាង៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជារួមមាន៖ វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រង ដោយរួមមានអាជីវកម្មក្រុមហ៊ុនប្តូរប្រាក់, ក្រុមហ៊ុនជួញដូរមាស, ក្រុមហ៊ុនបញ្ចាំ, ធនាគារពាណិជ្ជ, ក្រុមហ៊ុនភតិសន្យា, ក្រុមហ៊ុនផ្ញើលុយក្នុងនិងក្រៅប្រទេស, ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាដើម។ អាជីវកម្មផ្សេងទៀតរបស់លោកអ្នកឧកញ៉ាមានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ, ក្រុមហ៊ុនដាំដុះចម្ការកៅស៊ូ និងចម្ការស្វាយចន្ទីជាដើម។ សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុន លី ហួរ គ្រុប បាននិងកំពុងចូលរួមចែករំលែកនៅក្នុងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈអាជីវកម្មចម្រុះរបស់ខ្លួន។ ជាមួយគ្នានេះ លោកអ្នកឧកញ៉ា ក៏ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាផងដែរ។
សមិទ្ធផលក្នុងវិស័យជំនួញនេះបានធ្វើឱ្យ លោកអ្នកឧកញ៉ា លី ហួរ ទទួលបាននូវពានរង្វាន់ រួមទាំងមេដាយពីស្ថាប័នជាតិ និងអន្តរជាតិដូចជា ពានរង្វាន់ទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ (International Star for Quality Award) ពីប្រទេសស្វីស, ពានរង្វាន់ទទួលស្គាល់សហគ្រាសល្អបំផុត (Best Enterprise Award) ពីចក្រភពអង់គ្លេសជាដើម។ បន្ថែមពីលើសកម្មភាពសេដ្ឋកិច្ច លោកអ្នកឧកញ៉ា លី ហួរ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដែលនាំឱ្យរូបលោកទទួលបានក៏ដូចជាការទទួលស្គាល់ជាច្រើនទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងទទួលបាននូវគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។