លោកអ្នកឧកញ៉ា ហុង ស៊ួន សុីគង់ទ្រីវ មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកអ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៤ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។
បច្ចុប្បន្ន លោកអ្នកឧកញ៉ា ហុង ស៊ួន មានតួនាទីជាអគ្គនាយិកាក្រុមហ៊ុន KT Pacific Group Limited ដែលជាក្រុមហ៊ុនអាហរ័ណនីហរ័ណ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Battambang Conch Cement Company ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាម៉េរិក។ ក្រៅពីនេះ លោកអ្នកឧកញ៉ា និងស្វាមីគឺ លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ដែលជាពាណិជ្ជករលេចធ្លោមួយរូបនៅកម្ពុជា ក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជា អគារពាណិជ្ជកម្មម៉ុងឌីយ៉ាល់, ផ្សារនាគមាសដែលកំពុងលក់និងចែកចាយទំនិញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ, ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ KT Property Development, ក្រុមហ៊ុន President Foods (Cambodia) ព្រមទាំងអាជីវកម្មជាច្រើនទៀតលើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។
ក្រៅពីកិច្ចការជំនួញ លោកអ្នកឧកញ៉ាបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ រហូតត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។