សេអ៊ូល៖ នាល្ងាចថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ទីស្នាក់ការសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI) ដើម្បីជួបជាមួយប្រធាន និងសមាជិកសភាពាណិជ្ជកម្មមកពីទីក្រុងផ្សេងៗ នៅជុំវិញទីក្រុងសេអ៊ូល តាមរយៈការសម្របសម្រួលរបស់លោក Park Joo Bong អនុប្រធាន KCCI។

ជំនួបពិភាក្សាការងារកម្រិតជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញរលកនៃការវិនិយោគថ្មីៗ និងបើកច្រកទ្វារសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ តាមរយៈការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័នជំរុញការវិនិយោគរដ្ឋ និងតំណាងវិស័យឯកជនឈានមុខនៃប្រទេសទាំងពីរ។

សូមជម្រាបជូនថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI) គឺជាស្ថាប័នសេដ្ឋកិច្ចដ៏មានឥទ្ធិពល និងចំណាស់ជាងគេបង្អស់នៅក្នុងសាធារណរដ្ឋកូរ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៨៤។ ស្ថាប័ននេះជា តំណាងឱ្យសំឡេងរបស់វិស័យឯកជនកូរ៉េទាំងមូល ដោយមានសមាជិកជាសហគ្រាសខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច មកពីគ្រប់វិស័យឧស្សាហកម្មសរុបជាង ២០០.០០០ ក្រុមហ៊ុន ព្រមទាំងមានសមាគមជំនាញជាក់លាក់តាមវិស័យជាសមាជិកពិសេសជាង ៧០០ ស្ថាប័ន។ ក្រៅពីដើរតួជាឈ្នាន់សេដ្ឋកិច្ច KCCI ក៏ជាដៃគូដ៏រឹងមាំរបស់រដ្ឋាភិបាលកូរ៉េក្នុងការអនុវត្តយុត្តសំខាន់ៗផងដែរ។

នៅក្នុងឱកាសនៃជំនួបដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់គណៈគ្រប់គ្រងរបស់ KCCI ក្នុងការបន្តដើរតួជាកាតាលីករដ៏មានឥទ្ធិពល ដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យបណ្តាក្រុមហ៊ុនបុត្រ និងសហគ្រាសជាសមាជិកទាំងអស់របស់ KCCI អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគដ៏សម្បូរបែបនៅកម្ពុជាផ្ទាល់ ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ឡើងវិញពីការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវកិច្ចសម្របសម្រួលវិនិយោគគ្រប់បែបយ៉ាង បរិយាកាសធុរកិច្ចប្រកបដោយភាពអនុគ្រោះ និងការគាំទ្រផ្នែកច្បាប់តាមរយៈយន្តការកែទម្រង់មុតស្រួចជូនដល់វិនិយោគិនកូរ៉េទាំងអស់ដើម្បីធានាបាននូវភាពជោគជ័យ សុវត្ថិភាពទុន និងការរីកចម្រើនទៅមុខរួមគ្នាយ៉ាងចីរភាព។





